ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្បែរកាស៊ីណូនាគទិព្វ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មាស ចាន់រិទ្ធ ហៅ ត្រេន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរគ្មាន ទីលំនៅបច្ចុប្បន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ក្នុងប្រតិបត្តិការនោះកម្លាំង ចាប់យកវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន១៤កូនថង់កិប ស្មើនឹង១៩គ្រាប់ ទម្ងន់៥,០២ក្រាម, គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន០១កូនថង់កិប ទម្ងន់០,២៥ក្រាម,នាឡិកាដៃលោហធាតុពណ៌លឿងចំនួន០១គ្រឿង, កូនកាបូបខ្មៅចំនួន០១។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា មុនឈានដល់ការបង្រា្កបករណីខាងលើនេះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួលសេចក្តីរាយការណ៍ពីសន្តិសុខយាមកាស៊ីណូនាគទិព្វថា មានករណីលក់គ្រឿងញៀនយ៉ាងអាធិបតេយ្យ។បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកបានដឹកនាំកម្លាំងចុះទៅដល់ចំណុចកើតហេតុខាងលើឃើញជនសង្ស័យ ហើយកម្លាំងបានហៅមកសួរនាំនិងធ្វើការត្រួតពិនិត្យឆែកឆេរលើខ្លួនជនសង្ស័យរកឃើញវត្ថុតាងគ្រឿងញៀន ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថាក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនយកមកទុកលក់ផង និងទុកប្រើប្រាស់ខ្លួនឯងផង។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕