ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងរដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី បើកកិច្ចប្រជុំពង្រឹងកិច្ចសហប្រិតបត្តិការទ្វេភាគី
(ភ្នំពេញ)៖កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអន្តោប្រវេសន៍ សញ្ជាតិ និងកិច្ចការវប្បធម៌ នៃប្រទេសអូស្ត្រាលី ត្រូវបានពង្រឹងនិងលើកកកម្ពស់មួយកម្រិតបន្ថែមទៀត។ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បើកកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តម Andrew Giles រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ សញ្ជាតិ និងកិច្ចការពហុវប្បធម៌អូស្ត្រាលី ដោយកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅវិមានសភាអូស្ត្រាលី។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម Andrew Giles បានស្វាគមន៍ និងថ្លែងអំណរគុណឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ដែលបានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ មកទស្សនកិច្ចនៅប្រទេសអូស្ត្រាលី។ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញការជឿជាក់ថា ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ និងប្រាកដជាទទួលបានលទ្ធផលផ្លែផ្កា ដូចការគ្រោងទុក ជាពិសេសការផ្លាស់ប្តូរយោបល់ និងបទពិសោធជាមួយអង្គភាពជំនាញលើកិច្ចការអន្តោប្រវេសន៍ កិច្ចការបទល្មើសបច្ចេកវិទ្យា និងការងារនគរបាល។
ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី និងភាគីអូស្ត្រាលី ដែលបានសម្របសម្រួលដំណើរទស្សនកិច្ចនេះ និងបានស្វាគមន៍យ៉ាងកក់ក្តៅជូនគណៈប្រតិភូកម្ពុជា។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះជាដំណើរទស្សនកិច្ចលើកទី៣ បន្ទាប់ពីទស្សនកិច្ចលើកទី១ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងលើកទី២ នៅសហព័ន្ធស្វីស និងសាធារណរដ្ឋអាល្លឺម៉ង់ ចាប់តាំងពីឯកឧត្តម ទទួលការតែងតាំងជាឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានគូសបញ្ជាក់ដែរថា ទស្សនកិច្ចនេះនឹងផ្តល់បទពិសោធបន្ថែមដល់ប្រទេសកម្ពុជា លើការងារអន្តោប្រវេសន៍ កិច្ចការទប់ស្កាត់ បង្ក្រាបបទល្មើសបច្ចេកវិទ្យាន បទល្មើសជួញដូរមនុស្ស កិច្ចការសន្តិសុខ និងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្នុងឱកាសនោដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរចំពោះលទ្ធផលជោគជ័យនៃដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជំនួបជាមួយឯកឧត្តម នាយករដ្ឋមន្រ្តីអូស្រ្តាលី កាលពីខែមីនា កន្លងទៅ និងបានថ្លែងអំណរគុណភាគីអូស្រ្តាលី ដែលផ្ដល់ជំនួយថវិកា សម្ភារៈ និងបច្ចេកទេសដល់ក្រសួងមហាផ្ទៃកម្ពុជា លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់គ្រងសន្តិសុខព្រំដែន កំណែទម្រង់រដ្ឋបាលសាធារណៈនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការបណ្ដុះបណ្ដាលភាសាអង់គ្លេសដល់មន្រ្តីអនុវត្តច្បាប់ ដើម្បីសម្រេចបានប្រសិទ្ធភាពការងារកាន់តែខ្ពស់បន្ថែមទៀត។
ឯកឧត្តមភិសន្តិបណ្ឌិត ស សុខា ក៏បានចែករំលែកជូនភាគីអូស្ត្រាលី ដែរនូវព័ត៌មានសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងកិច្ចការអន្តោប្រវេសន៍នៅកម្ពុជា រួមទាំងការងារកំណែច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីឆ្លើយតបបរិបទថ្មីនៅកម្ពុជា និងក៏ដើម្បីផ្ដល់ភាពងាយស្រួលកំណត់បែបបទ និងលក្ខណ្ឌច្បាស់លាស់លើការងារអន្តោប្រសន៍ខណៈភាគីអូស្ត្រាលី មានបទពិសោធស៊ីជម្រៅជាងកម្ពុជាលើការងារនេះ។
ចំពោះការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញឆន្ទៈ និងគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការទប់ស្កាត់បទល្មើសឆបោក និងសកម្មភាពអនឡាញខុសច្បាប់ ដែលមកដល់ពេលនេះ ក្រសួងមហាផ្ទៃ ក្នុងនាមជាជាសេនាធិការរាជរដ្ឋាភិបាល បាននិងកំពុងបន្តអនុវត្តយ៉ាងសកម្ម និងយកចិត្តទុកដាក់បំផុត។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នើសុំភាគីអូស្រ្តាលី បន្តផ្តល់បទពិសោធតាមរយ:ការបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់របស់កម្ពុជា ដោយមន្ត្រី និងអ្នកជំនាញអូស្ត្រាលី។
ជាមួយគ្នានោះដែរ ឯកអភិសន្តិបណ្ឌិត ស សុខា ក៏បានបញ្ជាក់អំពីកិច្ចសហការជាមួយភាគីអូស្ត្រាលី លើការងារមាតុភូមនិវត្តន៍ពលរដ្ឋខ្មែរ ដែលពុំមានមូលដ្ឋានផ្លូវច្បាប់ស្នាក់នៅប្រទេសអូស្រ្តាលីផងដែរ។ ក្រៅពីនេះឯកឧត្តមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់លើលទ្ធផលជោគជ័យនៃវេទិកាអន្តោប្រសេន៍ កម្ពុជា–អូស្រ្តាលី ដែលភាគីកម្ពុជា បានរៀបចំកាលពីឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្រោមកិច្ចសហការល្អជាមួយរដ្ឋាភិបាលអូស្ត្រាលី។
ឯកឧត្តម Andrew Giles រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ សញ្ជាតិ និងកិច្ចការពហុវប្បធម៌ បាន ទទួលស្គាល់អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងយល់ស្របលើការងារប្រយុទ្ធប្រឆាំងបទល្មើសអន្តោប្រវេសន៍ និងបទល្មើសនានា រួមទាំងបទល្មើសបច្ចេកវិទ្យា ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព រវាងប្រទេសទាំងពីរ និងក្នុងតំបន់។ ឯកឧត្តម ក៏បានបញ្ជាក់ពីការទទួលយកសំណូមពរពីភាគីកម្ពុជា ដើម្បីបណ្តុះបណ្តាលជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការលើការងារស្ថិតក្នុងវិស័យក្រសួងទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ជាការកត់សម្គាល់ ឯកឧត្តម Andrew Giles រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ សញ្ជាតិ និងកិច្ចការពហុវប្បធម៌ អូស្ត្រាលី បានបញ្ជាក់ពីការត្រៀមមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាសមស្រប តបតាមការអញ្ជើញរបស់ឯកឧត្តមអភិសន្តិបណ្ឌិត និងបានជូនពរឯកឧត្តមអភិសន្តិបណ្ឌិត និងគណៈប្រតិភូ ទទួលជោគជ័យក្នុងដំណើរទស្សនកិច្ចនេះ ដោយឯកឧត្តមផ្ទាល់ មានជំនឿថា គណៈប្រតិភូ នឹងជួបពិភាក្សាផ្លាស់ប្តូរ និងដកស្រង់បទពិសោធល្អៗជាមួយស្ថាប័នជំនាញអូស្រ្តាលី នៅថ្ងៃស្អែក និងថ្ងៃបន្តបន្ទាប់ខាងមុខ។
សូមបញ្ជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ បាននិងកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ បេសកកម្មរយៈពេល ១សប្តាហ៍នេះ មានគោលដៅពិភាក្សានិងពិនិត្យលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដោយផ្លាស់ប្ដូរបទពិសោធលើការងារអន្តោប្រវេសន៍ សន្តិសុខសាយប័រ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសចុះទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់នូវការអនុវត្តកិច្ចការពាក់ព័ន្ធរបស់ស្ថាប័នអូស្ត្រាលី៕