ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

(បន្ទាយមានជ័យ )កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងនៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះល្វែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ ឌុច គឹមហួត ហៅ ហួត ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ។ ២-ឈ្មោះ ជួន ដា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ។ អ្នកទាំង២ បច្ចុប្បន្ន រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ក្នុងប្រតិបត្តិការនោះកម្លាំងបានចាប់យកវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន២៣៤ថង់កិប(ធំ០៣ថង់) ទម្ងន់ ៩៨១,៣០ក្រាម,ទូរស័ព្ទចំនួន០២គ្រឿង, ប្រាក់ថៃចំនួន ៥,៦០០បាត, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០៤គ្រឿង រួមនឹងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា មុនឈានដល់ការបង្រា្កបករណីនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួលព័ត៌មានពីសន្តិសុខរាយការណ៍មកថាមានករណី ជួញដូរគ្រឿងញៀន នៅចំណុចផ្ទះល្វែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ ក្រុងប៉ោយប៉ែត។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមលោកបានដឹកនាំកម្លាំងចុះទៅដល់ចំណុចផ្ទះល្វែងខាងលើ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ឌុច គឹមហួត ហៅ ហួត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បាន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត  និងមានការសម្រួលពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងបានធ្វើការឆែកឆេរលំនៅឋានរបស់ជនសង្ស័យឈ្មោះ ឌុច គឹមហួត រកឃេីញគ្រឿងញៀនមួយចំនួនទៀត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដេីម្បីសួនាំនិងចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួននិងសួរចម្លេីយជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លូនពិតជាបានទិញគ្រឿងញៀនយកមកសម្រាប់លក់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ទាំង២នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន. បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button