បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន
(បន្ទាយមានជ័យ)៖ជនសង្ស័យឈ្មោះ ដា សុខណា ហៅ វែង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាប់ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួន ព្រមទាំងដកហូតវត្ថុតាងម៉្សៅម៉ត់ពណ៌ស(កេតាមីន) ចំនួន០៥កូនថង់កិប ស្មើនឹងទម្ងន់៤,៣៥ក្រាម , គ្រាប់ថ្នាំពណ៌បៃតងចំនួន០១គ្រាប់ និងសម្ភារ:មួយចំនួនទៀត យកទៅសួរនាំនៅបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ការបង្រ្កាបករណីខាងលើនេះធ្វើឡើងក្រោយពីទទួលបានព័ត៌មានពីសន្តិសុខយាមនៅក្លិបកំសាន្ត វ៉មអាប់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ជនសង្ស័យខាងលើនេះក្រោយពីសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានទិញគ្រឿងញៀន ដែលសមត្ថកិច្ចដកហូតបានខាងលើយកមករក្សាទុក ដើម្បីប្រើប្រាស់ពិតប្រាកដមែន ។ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងមានវត្ថុតាងផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕