នគរបាលការពារព្រំដែនគោក និងយោធា ទប់ស្កាត់ពលរដ្ឋខ្មែរ បម្រុងលួចឆ្លងដែនទៅប្រទេសថៃខុសច្បាប់ បានជាបន្តបន្តាប់សរុបចំនួន ៧៤នាក់ នៅចំណុចភូមិសាមគ្គី ស្រុកថ្មពួក
(បន្ទាយមានជ័យ)៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងការបង្ក្រាបនិងទប់ស្កាត់រាល់បទល្មើសផ្សេងៗនៅក្នុងភូមិសាស្ត្រ ពិសេសបទល្មើសឆ្លងដែន និងមានការណែនាំ ដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង ទទួលផែននគរបាលការពារព្រំដែន និងលោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការ វរសេនាតូចការពារព្រំដែនគោកលេខ ៨០៧ នោះ កម្លាំងនគរបាលការពារព្រំដែនគោក សហការជាមួយកម្លាំងយោធា បានចុះត្បាតជាប្រចាំ លុះវេលាម៉ោង១៨និង០០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍អូរសាយ ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ៅ ដារ៉ា នាយប៉ុស្តិ៍ សហការជាមួយ កម្លាំងយោធាសឹករង ស្រុកថ្មពួក ដឹកនាំដោយលោកវរសេនីយ៍ត្រី ព្រំ ប៊ុនធឿន មេបញ្ជាការ(គ១) បានធ្វើការទប់ស្កាត់ ប្រជាពលរដ្ឋខ្មែរ បានចំនួន៦៥នាក់ ប្រុស៣៨នាក់ ស្រី២៧នាក់ ខណៈបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ នៅចំណុចភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចម្ងាយពីរផ្លូវជាតិ លេខ៥៨ ប្រហែលជា ៥៦០ម៉ែត្រ និយាមការ T (72740-48409) ។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីធ្វើការទប់ស្កាត់រួច បាននាំពួកគាត់ទៅទីបញ្ជាការ វរសេនាតូច នគរបាល ការពារព្រំដែនគោកលេខ៨០៧ ធ្វើការសួរនាំ ដើម្បីកំណត់មុខសញ្ញា (មេខ្យល់)នាំពលករឆ្លងដែន ដោយខុសច្បាប់។ក្រោយពីធ្វើការសួរនាំ រហូតដល់ម៉ោង១និង៣០នាទីយប់ កម្លាំងប៉ស្តិ៍អូរសាយ បានទប់ស្កាត់ និងឃាត់បានប្រជាពលរដ្ឋ បម្រុងឆ្លងដែន ចំនួន ០៩នាក់ ស្រី ០៣នាក់ បន្ថែមទៀត សរុបចំនួន ៧៤នាក់ ស្រី ៣០នាក់។លុះព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៨និង៤៥ នាទី បានធ្វើការប្រគល់ប្រជាពលរដ្ឋខាងលើ ជូនទៅអធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីអនុវត្ត តាមនិតិវិធីបន្តរ៕