ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាការពារសន្តិភាពជាមួយរាជរដ្ឋាភិបាល ឱ្យបានគង់វង្ស ព្រោះថាប្រទេសជាតិមានសុខសន្តិភាព គឺមានការអភិវឌ្ឍន៍លើគ្រប់វិស័យ
(បន្ទាយមានជ័យ)៖ថ្លែងទៅកាន់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ មន្ទីរជុំវិញខេត្ត ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងពិធីសម្ភោធមហាកុដិ ១ខ្នង ដែលមានបណ្តោយ១៦ម៉ែត្រ ទទឹង១២ម៉ែត្រ ដំបូលប្រក់ក្បឿង មាន១៣បន្ទប់ នៅវត្តវេឡុវនោទ្យាន ស្ថិតនៅក្នុងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានលើកឡើងបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ពិសេសគឺវិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន ហើយត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ និងលើកតំកើនព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ទុកសម្រាបជាទីសក្ការៈគោរពបូជា និងប្រតិបត្តិពីសំណាក់ពុទ្ធបរិស័ទទូទៅ។
ក្នុងនោះឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមថែរក្សា ការពារសន្តិភាពជាមួយរាជរដ្ឋាភិបាលឱ្យបានគង់វង្ស ពីព្រោះមានសន្តិភាពគឺមានការរីកចម្រើន មានសន្តិភាពគឺមានការអភិវឌ្ឍ សុខសន្តិភាពបានធ្វើឱ្យយើងទាំងអស់គ្នាមានសិទ្ធិ និងសេរីភាពគ្រប់បែបយ៉ាងក្នុងការប្រកបមុខរបរ ដើរលេងកំសាន្ត និងការបំពេញបុណ្យកុសល្យជាដើម ៕