មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ប្រកាសកំណត់តំបន់វិនិច្ឆ័យ លើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ នៅឃុំសឿ
(បន្ទាយមានជ័យ)៖ដើម្បីអនុវត្តតាមនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរដ្ឋបាលដីធ្លី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យដីធ្លីលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៣ភូមិ មានភូមិបល័ង្គជ្រៃ.ភូមិត្នោត.ភូមិសំបួរ ឃុំសឿ ស្រុកមង្គលបុរី។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក លី សារី អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរីយោដីខេត្ត ព្រមទាំងលោក លោកស្រីអភិបាល.អភិបាលរងស្រុក មេបញ្ជាការ មេបញ្ជាការងគ្រប់កង ឯកភាព មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ធ្វើនៅបរិវេណវត្តត្នោត នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។
លោក អាង ណារិទ្ធ បានបញ្ជាក់ថា៖តាងនាមអោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត បានសំណូពរ៖
១.សូមអោយស្ថាប័នពាក់ព័ន្ធ អង្គភាពផ្តល់ឥណទាន និងប្រជាពលរដ្ឋ មេត្តាចូលរួមសហការ និងផ្តល់ភាពងាយស្រួលដល់ក្រុមការងារចុះបញ្ជីរដីធ្លី ដើម្បីអោយការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន។
២.សូមអោយអាជ្ញាធរភូមិ ឃុំ ស្រុក ជួយថែរក្សាការពារបង្គោលប្រឹថពីវិភាគ ដែលក្រុមជំនាញបានមកបោះនៅក្នុងឃុំ។
៣.សូមអោយអាជ្ញាធរភូមិ ឃុំ ស្រុក និងជាពិសេសបងប្អូនប្រជាពលរដ្ឋមេត្តា កំណត់អោយបានច្បាស់លាស់ត្រឹមត្រូវនៅព្រំប្រទល់ដី ជាមួយអ្នកជិតខាង និងបោះបង្គោលអោយរឹងមាំ។
និងទី៤.សូមអោយប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធនឹងដីធ្លី មេត្តាត្រៀមឯកសារគតិយុត្តដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព លិខិតបញ្ជាក់ដីធ្លី បណ្តាំមរតក រឺសាក្រមតុលាការជាដើម…..ដើម្បីអោយ ក្រុមការងារងាយស្រួលក្នុងការចុះវាស់វែង និងបានលឿន។
មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋក្នុងពិធីនេះ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ជំរុញអាជ្ញាធរ រដ្ឋបាលដីធ្លីគ្រប់ជាន់ថ្នាក់ អោយបន្តប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមាន សារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើន ក្នុងការធ្វើ ប្លង់រឹង លើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ស្របច្បាប់ជា ឯកសារសំអាងរឹងមាំបើមាន ជម្លោះដី ពិសេសទៀតនោះបានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើន។
លោក លី សារី បានធ្វើការសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលជាអ្នកកាន់កាប់ដី នៅតំបន់វិនិច្ឆ័យ ចូលរួមសហការជាមួយក្រុមការងារចុះបញ្ជីដីធ្លី និងផ្តល់ឯកសារសម្រាប់ធ្វើវិនិច្ឆ័យ តាមកាលកំណត់របស់ក្រុមវាល ដើម្បីអោយការអនុវត្តតាមនីតិវិធីនៃការចុះបញ្ជីដីធ្លី ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ៕