និយ័តករមូលបត្រកម្ពុជា(ន.ម.ក) សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការគាំពាវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យ មូលបត្រ ”
ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំ (ក) សាលាខេត្តបន្ទាយមានជ័យ បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការគាំពាវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យ មូលបត្រ ” ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្ដម យុត ស្វិនី សមាជិកក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ផងដែរ។
នាកាសនោះឯកឧត្ដម អ៊ុំ រាត្រី បានសម្តែងការគុណ និងស្វាគមន៍ចំពោះឯកឧត្តម ស៊ូ សុជាតិ និងឯកឧត្តម លោកជំទាវប្រត្តិភូអមដំណើរដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។ក្នុងនោះឯកឧត្តមបានធ្វើការជម្រាបជូនដល់គណៈអធិបតី និងលោក លោកស្រី ក្នុងអង្គពិធីអំពីស្ថានភាពភូមិសាស្ត្រក្នុងខេត្តបន្ទាយជ័យទាំងមូល ព្រមទាំងធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធដែលមានវត្តមានចូលរួម ត្រូវយកចិត្តទុកដាក់ស្តាប់នូវការធ្វើបទបង្ហាញអំពីគោលបំណងក្នុងសិក្ខាសាលានេះ ព្រោះថាការចូលរួមពេលនេះមិនត្រឹមតែនិយ័តករមូលបត្រកម្ពុជាប៉ុណ្ណោះទេ ថែមទាំងមានអគ្គស្នងដ្ឋាននគរបាលជាតិ ពាក់ព័ន្ធប្រឆាំងបច្ចេកវិទ្យា និងមានតំណាងក្រសួងយុត្តិធម៌ថែមទៀតផង ។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃនិយ័កមូលបត្រកម្ពុជា បានមានប្រសាសន៍ថា និយ័កមូលបត្រកម្ពុជា (ន.ម.ក.) គឺជាអាជ្ញាធរដែលមានតួនាទីគ្រប់គ្រង និងពិនិត្យលើរាល់ប្រតិបត្តិការពាក់ព័ន្ធនិងវិស័យមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យវិស័យនេះចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសង្គមតាមរយះការកៀរគរមូលធនពីសាធារណៈជនឬអ្នកវិនិយោគមូលបត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុសម្រាប់ការវិនិយោគនៅកម្ពុជា។
ឯកឧត្តម ស៊ូ សុជាតិ បញ្ជាក់ថា វិស័យហិរញ្ញវត្ថុ គឺជាសសៃឈាមរបស់សេដ្ឋកិច្ច ហើយវិស័យមូលបត្រ គឺដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យហិរញ្ញវត្ថុ។ទន្ទឹមនឹងភាពរីចម្រើននៃវិស័យមូលបត្រក៏មានជនខិលខូចមួយចំនួនបានឆ្លៀតឱកាសឆបោកប្រជាពលរដ្ឋឲ្យដាក់ប្រាក់វិនិយោគក្នុងរូបភាពនៃការវិនិយោគលើវិស័យមូលបត្រជាដើម។ជាក់ស្តែងនិយ័កមូលបត្រកម្ពុជា (ន.ម.ក.)ាននពិនិត្យឃើញថា មានសកម្មភាពនៃការផ្សព្វផ្សាយតាមរយះប្រព័ន្ធផ្សព្វផ្សាយ ដើរកៀរគរ និងការរៀបចំសិក្ខាសាលានានា ដើម្បីទាក់ទាញឲ្យសាធារណជនធ្វើការជួញដូរលើឧបករណ៍និស្សន្ទដូចជា ជួញដូរលើហាងឆេងមាស ហាងឆេងរូបិយប័ណ្ណ ជាដើម ឬប្រមូលមូលនិធិ វិភាគទានពីសាធារណជន ហើយគ្រប់គ្រងមូលនិធិទាំងនោះដើម្បីប្រើប្រាស់ក្នុងការវិនិយោគក្នុងគម្រោងវិនិយោគណាមួយ ហើយសន្យាផ្តល់ដល់អ្នកវិនិយោគទាំងនោះវិញនូវផលកម្រៃហិរញ្ញវត្ថុ ឬផលកម្រៃផ្សេងៗដែលសកម្មភាពទាំងនេះជាប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យមូលបត្រ។ដោយឡែក បើកៀរគរមូលនិធិទាំងនោះដោយសន្យាផ្តល់ប្រាក់ចំណេញខ្ពស់ ប៉ុន្តែជាក់ស្តែងមិនបានយកទៅវិនិយោគលើគម្រោងណាមួយឡើយ ករណីនេះគឺជាករណីឆបោកដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបញ្ជាក់ថា មុននឹងធ្វើការវិនិយោគគួរតែធ្វើការពិចារណាឲ្យបានច្បាស់លាស់ ថាតើសាច់ប្រាក់នោះបានមកពីណារបៀបវិធីសាស្ត្ររបស់ក្រុមហ៊ុនគឺជាអ្វី ហើយលុយចំណេញយ៉ាងមិចមានការចុះបញ្ជីត្រឹមត្រូវឬក៏អត់។ទន្ទឹមនោះឯកឧត្តមសង្ឃឹមថា អាជ្ញាធរមូលដ្ឋានទាំងអស់យកអ្វីដែលបានដឹងក្នុងសិក្ខាសិលាថ្ងៃនេះទៅជួយបងប្អូនយើងនៅកំរិតថ្នាក់ក្រោមផ្ទាល់តែម្តង កុំឲ្យជឿទុកចិត្តគេផ្តេសផ្តាស ជាពិសេសបើគេប្រាប់ថាឲ្យដាក់លុយកំទុកចិត្តតែម្តង ៕