កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ប្រជាពលរដ្ឋនាពេលរាត្រី នៅម្ដុំកាស៊ីណូទីហាវក្នុងសង្កាត់ប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ជនសង្ស័យ០៤នាក់ ដែលជាប់ពាក់ព័ន្ធករណីលួចម៉ូតូ ប្រជាពលរដ្ឋនៅម្ដុំកាស៊ីណូទីហាវ ស្ថិតនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩,៣០ ខែមេសា ឆ្នាំ២០២២ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ជនសង្ស័យបានជាបន្តបន្ទាប់។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងចាប់ឃាត់ខ្លួនបានរួមមាន៖
ទី១–ឈ្មោះសំ ប៉ី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ,ទី២-ឈ្មោះសាំង ស៊ីឡូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ,ទី៣-ឈ្មោះរ៉េត សារ៉ាត់ ហៅរ៉ាត់ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិ ទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងទី៤-ឈ្មោះ រិម រតនា ហៅចៅ ភេទប្រុស អាយ១៤ឆ្នាំ ជនជាតិខ្មែរ ប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។
លោកអធិការបន្តថា ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ធ្វើឡើងក្រោយពីជនរងគ្រោះបានដាក់ពាក្យបណ្ដឹង និងរៀបរាប់ថា នៅថ្ងៃខែឆ្នាំដ៏ដែលវេលាម៉ោង២និង៣០នាទីទាបភ្លឺ ខ្លួនបានយកបាយឲ្យទៅភ្ញៀវដែលកម្មង់ នៅចំណុចខាងលើ ពេលទៅដល់បន្ទប់ដែលភ្ញៀវកម្មង់ ខ្លួនបានទុកម៉ូតូនៅមុខបន្ទប់ តែមិនបានចាក់សោរកម៉ូតូឡើយ។លុះចូលបានប្រហែល៥នាទីខ្លួនបានចេញមកវិញបានបាត់ម៉ូតូរកមិនឃើញឡើយ រួចបានឆែកកាំម៉េរ៉ាសុវត្ថិភាព បានឃើញជនមិនស្គាល់មានគ្នាបីនាក់ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពលួចម៉ូតូ ហើយយកចេញទៅបាត់។ម៉ូតូម៉ាកហុងដាហ្សូមម័រអ៊ិច ពណ៍បៃតង ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខបន្ទាយមានជ័យ1L-4265។
បច្ចុបប្បន្នជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានឃាត់ខ្លួន បញ្ជូនឲ្យខាងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះ ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់៕