ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បើកវេទិការសាធារណៈ ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងស្តាប់នូវកង្វល់ សំណើរ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ក្នុងសង្កាត់អូរជ្រៅ
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរជ្រៅ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត សង្កាត់អូរជ្រៅ។វេទិការនេះបានធ្វើឡើងនៅភោជនីយដ្ឋាន ប៊ូ សោភ័ណ ស្ថិតនៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយមានការអញ្ជេីញចូលរួមពីលោក–លោកស្រី ក្រុមការងារចុះមូលដ្ឋាន លោកចៅសង្កាត់ រួមនឹងបងប្អូនប្រជាពលរដ្ឋសរុបចំនួន២២៩នាក់ ។
មានប្រសាសន៍នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ ក្រុមការងាររាជរដ្ឋាភិបាល អនុប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរជ្រៅ បានបញ្ជាក់ថា ការរៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានមានគោលបំណង និងសំណូមពរ សំខាន់ៗ៣រួមមាន៖ ១–លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល តាមរយៈសកម្មភាពរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងការជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងស្តាប់នូវកង្វល់ សំណើរ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន។ ២–ផ្សព្វផ្សាយអំពីកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋបានជ្រាប និងស្វែងរកការគាំទ្រនិងការចូលរួមអនុវត្ត។ ៣–ដោះស្រាយ និងបូកសរុបសំណើរ សំណូមពរ បញ្ហាប្រឈមនានានៅមូលដ្ឋានដើម្បីកំណត់អំពីវិធានការដោះស្រាយឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះលោកក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលបានចូលរួម សូមលើកឡើងនូវបញ្ហាប្រឈមនានា ដែលបងប្អូនប្រជាពលរដ្ឋបានជួបបញ្ហានៅមូលដ្ឋាន ដើម្បីធ្វើការលេីកយកមកដោះស្រាយនៅចំពោះមុខ។ តែបើក្នុងករណីដោះស្រាយចំពោះមុខមិនបាន ក្រុមការងារនិងលេីកនូវសំណេីរ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ជូនដល់ថ្នាក់ដឹកនាំដើម្បីប្រជុំធ្វើការដោះស្រាយបន្ត៕