ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុកម៉ាឡៃ ចំនួន ៦៨គ្រួសារ ទទួលបានអំណោយពីសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត កាលពីព្រឹកថ្ងៃទី០១ ខែឧសភាឆ្នាំ២០២២ បានដឹកនាំសមាជិកសមាជិការ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌កាកបាទក្រហម មកផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះធម្មជាតិ ដោយសារខ្យល់កន្ត្រាក់ចំនួន ៦៨គ្រួសារ ក្នុងស្រុកម៉ាឡៃ ក្នុងនោះ ២៣គ្រួសាររងគ្រោះធ្ងន់ធ្ងរ កាលពីថ្ងៃទី២៨ ខែមេសាឆ្នាំ ២០២២កន្លងទៅ ក្នុងនោះប្រជាពលរដ្ឋរងគ្រោះលើ៣ឃុំ រួមមានៈឃុំទួលពង្ររងគ្រោះ ៥១គ្រួសារធ្ងន់ ១៥គ្រួសារ ឃុំបឹងបេងរង្គ្រោះ ១៣គ្រួសារធ្ងន់ ៧គ្រួសារ ឃុំតាគង់រងគ្រោះ ៤គ្រួសារ ធ្ងន់ ១គ្រួសារ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ ចូលរួមនូវការសោកស្ដាយទ្រព្យសម្បត្តិ ផ្ទះសំបែងដែលបានរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់កន្លងមក ហើយឯកឧត្តមក៏សូមថ្លែងនូវការកោតសរសើរចំពោះ កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានយកចិត្តទុកដាក់ ចុះជួយរុះរើជួសជុលផ្ទះសំបែងជូនបងប្អូនប្រជាពលរដ្ឋ បានទាន់ពេលវេលា នេះគឺជាកាយវិការដ៏ល្អខ្មែរជួយខ្មែរក្នុងគ្រាលំបាក។
ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍បន្តថា រាល់អំណោយដែលបានយកមកផ្ដល់ជូននាថ្ងៃនេះ គឺបានមកពីការចូលរួមបរិច្ចាគថវិកាសម្ភារៈ ពីសំណាក់ព្រះតេជគុណ ព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គ ឯកឧត្តមលោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី សប្បុរសជន ដោយព្រះទ័យនិងទឹកចិត្តជ្រះថ្លា តាមរយៈកាកបាទក្រហម ដើម្បីបុព្វហេតុមនុស្សធម៌ក្នុងការជួយសម្រាល ទុក្ខលំបាកដល់អ្នកងាយរងគ្រោះ និងរងគ្រោះដោយធម្មជាតិ ទីទាល់ក្រគ្មានទីពឹង។
អំណោយដែលបាននាំយកមកផ្ដល់ជូនបងប្អូនទាំង ៦៨គ្រួសារនេះ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេសតូច ទឹកត្រី ៣ដប មុង ១ ភួយ ១ សារុង ១ ក្រមា ១ អាវយឺត ២ ជែលលាងសម្អាតដៃ ២ដប តង់ប្លាស្ទិច ១ផ្ទាំង (សម្រាប់២៣គ្រួសាររងគ្រោះធ្ងន់) និងថវិកាមួយចំនួន៕