ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ ) ក្រោយពីទទួលបានពាក្យបណ្ដឹងជនរងគ្រោះឈ្មោះ ឡេង គីមវ៉ាន់ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅបន្ទប់ជួលភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាហ្សូម័រអ៊ិច ពណ៌ស្លាទុំលាយស ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 1E-2268 កាលពីវេលាម៉ោង០៣ និង០០នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់កន្លែងកើតហេតុហើយធ្វើការស្រាវជ្រាវឈានដល់កំណត់មុខសញ្ញាជនសង្ស័យ រហូតដល់វេលាម៉ោង២៣ និង០០នាទី ថ្ងៃទី០៩ ខែសីហា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ រឿន វាន់ណាក់ ស្នាក់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត ភេទប្រុស អាយុ៣៩ឆ្នាំ រួមទាំងវត្ថុតាងម៉ូតូចំនួន០១គ្រឿង ហើយបាននាំខ្លួនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួនាំ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនលទ្ធផលវិជ្ជមាន (+)។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ របស់ជនរងគ្រោះ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបាន បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប្រគល់ឱ្យម្ចាស់ដើមវិញហើយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button