ព័ត៌មានជាតិ

សម្ដេចព្រះព្រហ្មរតនៈ​មុនី ពិន សែម សំណេះ​សំណាលជាមួយមន្ត្រីសង្ឃទូទាំងខេត្តប៉ៃលិន ដើម្បី​ណែ​នាំ​អំពីការប្រតិបត្តិធម៌វិន័យ ក្នុងយុគ្គសម័យឌីជីថល

(ប៉ៃលិន)៖ សម្ដេច ព្រះព្រហ្មរតនៈមុនី ពិន សែម​ ព្រះឧត្តមប្រឹក្សាផ្ទាល់គណៈសង្ឃនាយក និងជា​សមាជិកថេ​រៈសភាព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២​៤ បាននិមន្តសំណេះសំ​ណាល ជាមួយព្រះមន្ត្រីសង្ឃទូទាំងខេត្តប៉ៃលិន ដើម្បីណែនាំ​អំពីកា​រប្រតិបត្តិធម៌វិន័យ ការគ្រប់គ្រងអប់រំព្រះសង្ឃក្នុងវត្តអារាម ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ឌីជីថល និងការពង្រឹងតួនាទីភារកិច្ចរបស់មន្ត្រីសង្ឃខេត្តប៉ៃលិន។

ក្នុងពិធីនេះមានការនិមន្តចូលរួមពី ព្រះមន្រ្តីសង្ឃខេត្ត ព្រះចៅអធិការវត្តទូទាំងខេត្ត ព្រមទាំងមាន​ការ​អញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម សារ៉ាយ ឆុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាស​នា, លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃៈអភិបាលខេត្តប៉ៃលិន, ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ គណៈកម្មការអាចារ្យវត្ត ផងដែរ។

ឯកឧត្ដ​ម សារ៉ាយ ឆុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍​លើក​ឡើង​ថា៖ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដើម្បីជា​ប្រយោ​ជន៍ក្នុងការរួមចំណែកពង្រឹងសាមគ្គីភាព ការលើកកម្ពស់វប្បធម៌នៃការយោគយល់គ្នា ក្នុងចំណោមពុទ្ធសាសនិកក៏ដូចជាប្រជាជនកម្ពុជារបស់យើងនៅគ្រប់សកម្មភាពសង្គម ហើយពុ​ទ្ធសាសនិកទាំងអស់ នៅតែបន្តការពារនិងគោរព ព្រមទាំងលើកស្ទួយព្រះពុទ្ធសាសនាជាដរាប ដោយធ្វើយ៉ាងណាឲ្យកម្លាំងដ៏មានឥទ្ធិពលនៃពុទ្ធសាសនា បន្តស្ថិតនៅ និងជ្រួល​ជ្រាបក្នុងក្រអៅ​បេះដូង នៃប្រជាជនខ្មែរនិងស្ថិតស្ថេរគង់វង្សតរៀងទៅ។

ឯកឧត្ដមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍បន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចម​ហាបវរ​ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺត្រូវការវត្តមាន នឹងការចូលរួមឥតសំចៃ ទាំងស្មារតី និងបញ្ញាញាណពីសម្ដេច ព្រះតេជគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ឯកឧត្តម អស់លោក លោក លោកស្រី និងប្រជាជនទាំងអស់ ដើម្បីរួមគ្នាកសាងកម្ពុជា ឱ្យក្លាយទៅជាសង្គមមួ​យដែលគ្មានអំពើ​ហិង្សា គ្មានការរំលោភសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ចូលរួមចំណែកធ្វើឲ្យសង្គមកម្ពុជា នៅតែ​ជា​សង្គ​មមួយ ដែលមាន ប្រជាជនប្រកបដោយចំណេះដឹងជ្រៅជ្រះ មានសីលធម៌ គុណធម៌ ចរិយា​ធម៌ សាមគ្គីធម៌ និងជាប្រទេសដែលសម្បូររុងរឿង បន្តនៅអរិយធម៌ដ៏ខ្ពង់ខ្ព​ស់ត្រចះត្រចង់ប្រកបដោ​យសុខសន្តិភាពជានិរន្តរ៍។

សម្តេចព្រះព្រហ្មរតនៈមុនី ពិន សែម ព្រះឧត្តមប្រឹក្សាផ្ទាល់គណៈសង្ឃនាយក និងជាសមា​ជិកថេរៈសភា​ព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា បានមានសង្ឃដីកា ក្រើនរំលឹកដល់​ព្រះសង្ឃដែលនិយមប្រើបណ្តាញសង្គម សូម ប្រើប្រកបដោយបញ្ញា ដោយការចែករំលែក និងប​ង្ហោះ​នូវសកម្មភាព ឬ ចំណេះដឹង ដែលបម្រើដល់ឧត្តមប្រយោជន៍ព្រះពុទ្ធសាសនា ដយមិ​នគួរ​គប្បី​ប្រើប្រាស់បណ្តាញសង្គម បង្ហោះវីដេអូផ្សេងៗដែលប្រាស់ចាកពីវិន័យជាព្រះសង្ឃ ដែលធ្វើប៉ះ​ពាល់ដល់តម្លៃន័យព្រះពុទ្ធសាសនា និងជៀសវាងការ​ចែករំលែកនូវសកម្មភាព​ដែលនាំឱ្យប៉ះពា​ល់ដល់ សន្តិសុខសណ្តាប់ធ្នាប់ និងស្ថិរភាពនយោបាយ នោះទេ។

សម្តេចព្រះព្រហ្មរត​នៈមុនី បានមានថេរដីកាបញ្ជាក់ថា៖ អ្នកបួស ត្រូវរៀននូវធម៌វិន័យ និងប្រតិប​ត្តិធម៌​វិន័យ ទៅតាមសមគួរដល់ធម៌វិន័យ ហើយត្រូវយកធម៌វិន័យទាំងនោះ ទៅអប់រំដល់ប្រ​ជាពុទ្ធប​រិស័ទគ្រប់ៗរូប ដូច្នេះសូមព្រះចៅអធិការគ្រប់វត្តអារាមទាំងអស់ ធ្វើការណែនាំ ពង្រឹងធម៌វិ​ន័យ និងជំរុញកា​រសិក្សារៀនសូត្រ ដល់ភិក្ខុ សាមណេរ ឱ្យបានតឹងរឹង និងត្រូវចូលរួម​គាំទ្រជាមួយ​រាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍន៍ជាតិ ដែលមានសន្តិភាពស្រាប់ឲ្យកាន់តែរីកចម្រើនថែមទៀត។

បើតាមរបាយការណ៍របស់ព្រះវិជ្ជារតនញាណ ក្តៀង សារ៉ាត់ ព្រះបាឡាត់គណខេត្ត បានឱ្យដឹងថា៖ បច្ចុប្បន្ននេះខេត្តប៉ៃលិន មានវត្តគណៈមហានិកាយសរុបចំនួន ២៨វត្ដ និងមណ្ឌលវិបស្សនាធុរៈចំ​នួន ១កន្លែង ដោយមានព្រះសង្ឃសរុបចំនួន ៣៧១អង្គ ក្នុងនោះព្រះភិក្ខុមានចំនួន ១០៦អង្គ សាមណេមានចំនួន ២៦៥អង្គ ដោយឡែកចំពោះវិស័យពុទ្ធិក មកទល់នឹងពេលនេះ មានសាលា​ពុទ្ធិកអនុវិទ្យាល័យមានចំនួន ០១សាលា ស្មើរនឹង ០៣បន្ទប់ និងពុទ្ធិកបឋមកម្រងមានចំនួន ១៣សាលា ស្មើរនឹង ១៨បន្ទប់ មានសិស្ស និងសមណសិស្សសរុបចំនួន ២៤២អង្គ/នាក់ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button