ពិធីសំណេះសំណាល ជាមួយព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ អាចារ្យ គណៈកម្មការ ទូរទាំងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សមាជិក ថេររដ្ឋសភា ព្រះពុទ្ធសាសនា ឧត្ដមទីប្រឹក្សាគណៈសង្ឃគណះមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្ត ជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃ និងព្រះចៅអធិការគណៈកម្មការ ទូទាំងខេត្តបន្ទាយមានជ័យ សរុបចំនួន៦០៧អង្គនាក់ នៅវត្ត គិរីជុំចម្ការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។
ព្រះសមណញ្ញាន ណាប់ មុឺន ព្រះបាឡាត់គណខេត្ត បានមាន សង្ឃដីកាថា ដើម្បីចូលរួមអភិវឌ្ឍធនធានព្រះសង្ឃ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឌីជីថល និងសាលាគណ មន្ទីរ និង គណៈគ្រប់គ្រងពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីម បានសហការជាមួយអង្គការគ្រួសារកុមារអភិវឌ្ឍន៍ហៅកាត់ថា Fra ក្នុងការរៀបចំកម្មវិធីសិក្សាមុខវិជ្ជាកុំព្យូទ័រ ឱ្យសាមណៈសិស្សបានរៀនជាប្រចាំ បន្ថែមលើមុខវិជ្ជា ដែលមានស្រាប់ ក្រៅពីនោះសាលាគណខេត្ត និងមន្ទីរធម្មការបានសហការចុះត្រួតពិនិត្យតាមសាលាពុទ្ធិកសិក្សា តាមបណ្ដាស្រុក ក្រុង ទាំង៩ ធ្វេីយ៉ាងណា ដើម្បីឲ្យវិស័យពុទ្ធិកសិក្សានៅខេត្តនេះ មានវឌ្ឍនភាពជាបន្តបន្ទាប់។
លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត និងឯកឧត្ដម ហុឹម វិបុលរិទ្ធ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា យើងទាំងអស់គ្នាដែលកំពុងអាស្រ័យផល ពីសុខសន្តិភាព ត្រូវចេះរួបរួមសាមគ្គី ចូលរួមថែរក្សាការពារទាំងអស់គ្នា ហើយក្នុងតម្លៃណាក៏ដោយ ត្រូវតែការពារសន្តិភាព ឲ្យខាងតែបាន ព្រោះសន្តិភាពពិតជាមានតម្លៃពុំអាចកាត់ថ្លៃបាននោះឡើយ ។ តាមប្រវត្តិសាស្ត្រ និងបទពិសោធន៍ជាក់ស្ដែងក្នុងសង្គមខ្មែរបានបង្ហាញថា មានវត្តអារាមនិងព្រះសង្ឃគឺជាប្រភពសម្រាប់បណ្ដុះនូវបញ្ញាញាណ ជាថ្នាលបណ្ដុះគ្រាប់ពូជបញ្ញវន្ត សម្រាប់ការអភិរក្ស និងអភិវឌ្ឍជាតិលើគ្រប់វិស័យ ដើម្បីឲ្យប្រទេសជាតិមួយមានការអភិវឌ្ឍប្រកបដោយសមធម៌ និងមានចីរភាពទាមទារ ឲ្យមានការអប់រំ ផ្នែកសីលធម៌ គុណធម៌ និងចរិយាធម៌ ជាចាំបាច់ពុំអាចខ្វះបាន ពិសេសគឺការអប់រំតាមគន្លងនៃមាគ៌ាព្រះពុទ្ធសាសនា នេះឯង។
សម្ដេចព្រះព្រហ្មរតនៈមុនី ពិន សែម បានមានថេរៈដីកាថា ក្រោមម្លប់នៃសុខសន្តិភាព នៅទូទាំងប្រទេស ដែលជាមរតក នៃការដឹកនាំដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រោមការ ដឹកនាំប្របថាមពល និងចក្ខុវិស័យច្បាស់លាស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យ វិស័យព្រះពុទ្ធសាសនា របស់យើងមានការរីកចម្រើន គ្រប់ទិសទីទូទាំងប្រទេសដែលបានសម្ដែងបញ្ជាក់នូវទឹកចិត្តមុតមាំក្នុងការអភិវឌ្ឍប្រទេសកម្ពុជា លើគ្រប់វិស័យ ទាំងអាណាចក្រនិងពុទ្ធចក្រ ដែលមានទំនាក់ទំនងគ្នា ក្នុងការរួមចំណែក ដល់ការអភិវឌ្ឍជាតិនិងមាតុភូមិ របស់យើង។ ជាចុងក្រោយ ព្រះព្រហ្មរតនៈមុនី ពិន សែម ក៏បានប្រគេន បណ្ណសរសើរ ដល់ព្រះមន្ត្រីសង្ឃខេត្តនិងមន្ត្រីសង្ឃ ស្រុក ក្រុង ផងដែរ៕