ព័ត៌មានជាតិ

ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ៖ ការចូលរួមប​រិច្ចាគថវិការបស់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិ​បាល គឺជាកម្លាំងសាមគ្គីដ៏រឹងមាំសម្រាប់ជាតិ

ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ការចូ​លរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិបាល គឺជាកម្លាំង​សាមគ្គីដ៏រឹងមាំ​សម្រាប់ជាតិ។ ជាមួយគ្នានោះ ​ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានបង្ហាញភាពស្ញប់​ស្ញែងចំពោះ​កម្លាំង​សាមគ្គីរ​បស់ប្រជាពលរដ្ឋខ្មែរ ទាំង​ក្នុងនិងក្រៅប្រទេស ដែលបានបរិច្ចាគ​ថវិការួមចំណែក​គាំទ្ររាជរដ្ឋាភិបា​ល ក្រោមការដឹកនាំរ​បស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ នៅ​តាមបណ្តោយតំបន់ព្រំដែន។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកការរួមចំណែកនេះ ថាជាការបង្ហាញច្បាស់នូ​វទឹកចិត្តខ្វល់​ខ្វាយ និងឈឺឆ្អាលប្រកបដោយវិជ្ជមានរបស់ប្រជាពលរដ្ឋ ចំពោះជាតិមាតុភូមិ​ជាទីស្នេហា និងបានបន្ថែមទៀតថា ជាការពិតមិនអាចប្រកែកបាន គឺគ្មានជនជាតិណា ឈឺឆ្អាល ខ្វល់​ខ្វាយ ស្រលាញ់ជាតិមាតុភូមិ ចង់ឃើញភាពរីកចម្រើនក្រោមម្លប់សុខសន្តិភាព ជាងប្រជាពល​រដ្ឋ​ខ្មែរខ្លួនឯងនោះឡើយ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា កន្លងមក និងថ្មីៗនេះទៀត អ្នកនយោ​បាយប្រឆាំងនៅក្រៅប្រទេស រួមទាំងដៃជើង ប្រកបដោយមនោគមវិជ្ជានយោ​បាយបំផ្លាញផល​ប្រយោ​ជន៍ជាតិ បានប៉ុនប៉ងធ្វើសកម្មភាពផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបង្កអសន្តិសុខ ដោយជ្រកក្រោមលេសខ្វល់ខ្វាយមិនសមហេតុផល ទាំងលើគម្រោងព្រែកជីកហ្វូណនតេជោ និងការអភិ​វឌ្ឍន៍តំបន់ព្រំដែន ជាប់ប្រទេសឡាវ និងវៀតណាម។

ទន្ទឹមនឹងចាត់ទុកសកម្ម​ភាពក្រុមប្រឆាំងជ្រុលនិយម ថាជាការធ្វើនយោបាយតាមរបៀបស្មោកគ្រោក ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា បានអំពាវនាវប្រជាពលរដ្ឋ បន្តចូលរួមគាំទ្ររាជរដ្ឋា​ភិបាល​បន្តវេន ដោយសង្កត់ធ្ងន់ទៀតថា គ្មានរដ្ឋាភិបាលណា ចំណាយធនធានទៅអភិវឌ្ឍន៍ជាតិ ដើម្បីប​ម្រើ​ផ​លប្រយោជន៍បរទេស ហើយក៏គ្មានអ្នកដឹកនាំណា ដឹកនាំប្រទេស នាំឱ្យបាត់បង់ទឹកដី​នោះដែរ។

សូមបញ្ជាក់ថា ការថ្លែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងក្នុងពិធីសំណេះសំណា​លជាមួយអតីតមន្រ្តីចូលនិវត្តន៍ នៅស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តម​អភិសន្តិបណ្ឌិត ក្នុងនាមសម្ដេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់​អតីតមន្រ្តីរា​ជការទាំងអស់ ដែលបានរួមចំណែកបំពេញការងារបម្រើជាតិ និងប្រជាជន ជាពិសេស​ការពា​រសុខសន្តិភាព និងអភិវឌ្ឍន៍ជាតិគ្រប់ដំណាក់កាល៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button