ឯកឧត្តម ដួង តារា ៖ ដោយសារយើងមានប្រមុខដឹកនាំដែលមានភាពប៉ិនប្រសព្វ និងឈ្លាសវៃ ទើបកម្ពុជាមានទំនាក់ទំនងល្អជាមួយសហគមអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិក
(ភ្នំពេញ)៖ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា រវាងសម្តេចតេជោនាយករដ្ឋមន្រ្តី និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក–អាស៊ាន ដែលដឹកនាំដោយលោក Michael Michalak នៅវិមានរដ្ឋាភិបាលសន្តិភាព កាលពីព្រឹកថ្ងៃទី៥ ឧសភា ឆ្នាំ២០២២ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ បានជួបលោក W Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដោយបានបង្ហាញនូវសេចក្តីត្រេកអរ និងសប្បាយរីករាយដែលបានឃើញចំណងមេត្រីភាព នៃប្រទេសទាំងពីរឈានឆ្ពោះទៅរកភាពវិជ្ជមាន និងកាន់តែល្អប្រសើរ។
ក្នុងនោះឯកឧត្តមបានបញ្ជាក់ថា នៅថ្ងៃទី១០ ឧសភា ខាងមុខ ឯកឧត្តមនឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកជាមួយសម្តេចប្រមុខដឹកនាំ ហើយសង្ឃឹមថា នឹងបានជួបបងប្អូនខ្មែរអាមេរិកាំងនៅទីនោះមិនខាន។ ដោយសារយើងមានប្រមុខដឹកនាំដែលមានភាពប៉ិនប្រសព្វ និងឈ្លាសវៃ ទើបកម្ពុជាមានទំនាក់ទំនងល្អជាមួយសហគមអន្តរជាតិរួមទាំងសហរដ្ឋអាមេរិកផងដែរ។អំពើអាក្រក់ជាអពមង្គលនៃជីវិត អំពើល្អជាសិរីសួស្តី។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព ។
សូមបញ្ជាកផងដែរថា ក្នុងកិច្ចប្រជុំពិភាក្សារវាងសម្តេចតេជោនាយករដ្ឋមន្រ្តី និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក–អាស៊ាននៅវិមានរដ្ឋាភិបាលសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងល្អរវាងកម្ពុជាអាមេរិកាំង ដែលនៅពេលនេះបានធ្វើឲ្យទំហំនៃការនាំចេញទំនិញកម្ពុជាទៅអាមេរិកកើនឡើងប្រមាណ៤៤% នៅដើមឆ្នាំ២០២២នេះ។សម្តេចតេជោ ក៏បានអរគុណដល់រដ្ឋាភិបាលអាមេរិកាំងដែលបានផ្តល់ជំនួយវ៉ាក់សាំង Johnson Johnson និង Pfizer ដែលជំហានដំបូងមាន១លានដូស និង ២លានដូសកាលពីម្សិលមិញ ហើយដែលសរុបប្រមាណ ៧លាន ៥សែនដូស ដែលសហរដ្ឋអាមេរិកជួយកម្ពុជា។ពិតណាស់ ពលរដ្ឋកម្ពុជាមានសុខភាពល្អចៀសផុតពីការឆ្លងកូវីដ–១៩ ក៏មានចំណែកនៃការចូលរួមជួយពីសហរដ្ឋអាមេរិកផងដែរ ។
ជាមួយគ្នានោះដែរសម្តេចតេជោ បានស្វាគមន៍ និងកោតសរសើរដល់ក្រុមហ៊ុនអាមេរិកាំងដែលបានមកប្រកបអាជីវកម្មនៅកម្ពុជា ក្នុងនោះក៏មានក្រុមហ៊ុនរថយន្ត Ford, Roche, Visa, Pernod Ricard, RMA group, Conoco Phillips, Amazon, 3M, USABC, Exon Mobile, Facebook Meta…ជាដើម។
សម្តេចតេជោ ក៏បានបញ្ជាក់ថា ក្នុងពេលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន–អាមេរិកនៅពេលខាងមុខ សម្តេចតេជោនឹងចូលរួមគ្រប់កម្មវិធី ដើម្បីបង្ហាញពីឆន្ទៈគាំទ្រដល់ម្ចាស់ផ្ទះដែលបានខិតខំរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់បំផុតនេះឡើង៕