លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ព្រះពុទ្ធសាសនា និងទីវត្តអារាម មិនគ្រាន់តែជាទីសក្ការៈបូជាប៉ុណ្ណោះទេ ថែមទាំងបណ្តុះនូវបញ្ញាញ្ញាណ និងជាថ្នាលសម្រាប់បណ្តុះគ្រាប់ពូជបញ្ញវ័ន្ត សម្រាប់ការកសាងជាតិ ក្នុងគ្រប់វិស័យ
(ខេត្តស្វាយរៀង)៖ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាពិសេក ព្រះអភ័យមុត្តមហាតេជោ សម្ពោធឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តពោធិ៍បន្ទាយ ស្ថិតនៅក្នុងឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា–ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បាលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បាននាំមកនូវសុខសន្ដិភាពជូនប្រទេសជាតិ ដែលបានផ្តល់ឱកាសឲ្យបងប្អូនទាំងអស់គ្នាអាចប្រារព្ធពិធីព្រះពុទ្ធសាសនា តាមទំនៀមទម្លាប់បែបប្រពៃណីសាសនារបស់ជាតិ»។
ទន្ទឹមនោះ សមិទ្ធផលដែលបានពុទ្ធាភិសេក និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅងក្នុវត្តពោធិ៍បន្ទាយនាពេលនេះ គឺបានមកពីទឹកចិត្ត និងសទ្ធាជ្រះថ្លារបស់ឯកឧត្ដមនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងលោកជំទាវ ហៅ ច័ន្ទសិរីទេពី ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជនដែលបានចំណាយថវិកាអស់ ៥៧១.៥៦៥ដុល្លារ ក្នុងការកសាង។មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្ដម ព្រមទាំងក្រុមគ្រួសារ ក៏បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការកសាងសមទ្ធិផលនានាជាច្រើន ទាំងក្នុងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្តស្វាយរៀងផងដែរ។
លោកជំទាវក៏បានបន្តទៀតថា ព្រះពុទ្ធសាសនា និងទីវត្តអារាម មិនគ្រាន់តែជាទីសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងសម្រាប់បណ្តុះនូវបញ្ញាញ្ញាណ និងជាថ្នាលសម្រាប់បណ្តុះគ្រាប់ពូជបញ្ញវ័ន្ត សម្រាប់ការកសាងជាតិ ក្នុងគ្រប់វិស័យផងដែរ។
ជាមួយគ្នានោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សាសមិទ្ធផល ដែលយើងបានសម្ពោធក្នុងថ្ងៃនេះឲ្យបានគង់វង្ស ស្ថិតស្ថេរ ដើម្បីទុកជាទីសក្ការៈ និងជាទីកន្លែងគោរពប្រតិបត្តិផ្នែកសាសនា ជាពិសេសសូមចូលរួមការពារជំងឺកូវីដ-១៩ទាំងអស់គ្នា បើទោះបីមានការថយចុះក៏ដោយ៕