ឯកអគ្គរដ្ឋទូតឡាវ ជឿជាក់ថាក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តជំរុញអាជ្ញាធរតាមបណ្តោយព្រំដែន រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ
ឯកឧត្ដម បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា បានថ្លែងអបអរសាទរចំពោះកិច្ចសហប្រតិបត្ដិការល្អរវាងប្រទេសទាំងពីរ កម្ពុជា–ឡាវ និងបានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តជំរុញគាំទ្រដល់អាជ្ញាធរពាក់ព័ន្ធនៅតាមបណ្ដាព្រំដែន ជួបប្រជុំគ្នាជាប្រចាំដើម្បីរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ។
ជាមួយគ្នានោះ ឯកឧត្ដមឯកអគ្គរដ្ឋទូតឡាវ ក៏បានបង្ហាញភាពជឿជាក់ខ្ពស់ថា ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា នឹងបន្ដចូលរួមគាំទ្រដល់កិច្ចសហប្រតិបត្ដិការទ្វេភាគីរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនតាមបណ្ដាខេត្ដជាប់ព្រំដែន ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដាព្រំដែននៃប្រទេសទាំងពីរ។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ទទួលបានការអនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។
ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការជួយគាំទ្រគ្នាទៅវិញទៅមក ដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាព ដើម្បីបុព្វហេតុរួម និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តថា ភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគីនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការជួបប្រាស្រ័យ និងការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ រួមទាំងដំណើរទស្សនកិច្ចដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី២៥–២៦ ខែមីនា កន្លងទៅ នៅរដ្ឋធានីវៀងចន្ទន៍ ដែលបានឆ្លុះបញ្ចាំងពីស្មារតីនៃភាពជាអ្នកជិតខាងល្អព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងដើម្បីវឌ្ឍនភាព និងវិបុលភាព សម្រាប់ផលប្រយោជន៍របស់ប្រទេស និងប្រជាជនទាំងពីរ។
ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមក្រសួងមហាផ្ទៃកម្ពុជា បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្ហាញនូវការប្តេជ្ញាចិត្តរបស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ក្នុងការជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការផ្លាស់ប្ដូរទស្សនកិច្ច រវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការលើការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរមនុស្ស និងគ្រឿងញៀន។
ក្នុងកិច្ចជំនួបនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងជូនពរសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឱ្យទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២៤ ជាពសេសជោគជ័យនៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត ដែលមានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំប្រទេស និងអង្គការអន្តរជាតិជាច្រើន នាពេលខាងមុខនេះ។ ក្នុងក្របខណ្ឌការងារអាស៊ានដដែលនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានចូលរួមអបអរសាទររដ្ឋាភិបាលក្រុងវៀងច័ន្ទ ដែលថ្មីៗនេះ បានរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធ៕