ព័ត៌មានជាតិ

ប្រកាសចូលកា​ន់មុខតំណែងអភិបាលរងខេត្តប៉ៃលិន ក្រោមអធិបតីឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិ​ការក្រសួងមហាផ្ទៃ

ប៉ៃលិន៖ នៅសាលប្រជុំធំសាលា​ខេត្ត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិកា​រក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញ​ជាអធិបតីភាពក្នុងពិធីប្រ​កាសចូលកាន់មុខតំណែង​អភិបាលរង​ខេត្តប៉ៃលិនថ្មី ។

យោងតាមអនុក្រឹត្យលេខ ៨៧៩ អនក្រ.តត ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ត្រូវបានដំឡើងឋានន្តរ​ស័ក្តិនិ​ង​ថ្នាក់ លោកស្រី ជា ដាណែត ពីឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ២ ទៅឋានន្តរស័ក្តិ វរមន្ត្រី​ថ្នាក់លេ​ខ៤ និងតែងតាំងមុខតំណែង ជាអភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន ជំនួសលោក អ៊ុន ប៊ុនលី ដែលដល់អាយុចូលនិវត្តន៍។

បន្ទាប់ពីលោកស្រី ជា ដាណែត អភិបាលរងខេត្តថ្មី ធ្វើការប្តេជ្ញាចិត្តរួចមក លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកទឹកចិត្ត និងផ្តាំផ្ញើដល់​លោកស្រីអ​ភិបាលរងខេត្ត ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារ:កិច្ច ក្នុងការបំពេញការងារ ប្រកបដោយមនសិការវិជ្ជាជីវ: និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងមាន​កិច្ចសហការល្អ មានសាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងចូលរួមចំ​ណែកធ្វើឲ្យកា​រអនុវត្តការងារ​ក្នុងជួរគណៈអភិបាលខេត្ត កាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញការអនុវ​ត្តកម្មវិធីកំណែ​ទម្រង់នានារបស់​រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ជូនប្រជា​ពលរដ្ឋ និងការអភិវឌ្ឍខេត្ត ឲ្យកាន់តែមានការរីកចម្រើនប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមព​រជាក់ស្តែងពិតប្រា​កដរបស់ប្រជាពល​រដ្ឋនៅមូលដ្ឋាន​ឲ្យបានកាន់តែល្អជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើនជាងមុន ដោយត្រូវប្រកាន់​ខ្ជាប់នូវអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យា​បាល និ​ងវះកាត់”និងបាវចនាពីរគឺ​ “កែទ​ម្រង់ខាងក្នុង ​និងបង្កើតមិត្តខាង​ក្រៅ​” ​ដោយស្មារ​តីឯករាជ្យ។

ឯកឧត្តម​ អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហា​ផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ស​ម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីពង្រឹងប្រសិទ្ធ​ភាពការងារដឹកនាំគ្រប់គ្រង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាល បានរៀបចំច្បាប់ ស្តីពីវិសោ​ធន៍កម្មច្បាប់មាត្រ១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោ​លបំ​ណងកែសម្រួលចំនួនគណៈអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការបង្កើន​ធនធានម​នុស្ស ក្នុងជួរគណៈអភិបាល ដែលជាអង្គប្រតិបត្តិឱ្យមានចំនួនសមស្រប តាមស្ថានភាព​នៃកំណើ​នសេ​ដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្រ្ត នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធានា​រាប់រងអនុវត្តមុខងារ និងធនធានដែលបានផ្ទេរពីក្រសួង ស្ថាប័នថ្នាក់ជាតិតំណាងរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ដូចជា៖ ការងារសន្តិសុខ របៀបរៀបរយសាធារណ: ច្បាប់ និងលិខតិបទដ្ឋាន​គតិយុត្តនានា ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងការអ​ភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍សម្តែងការកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះក្រុម​ប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តប៉ៃលិន ដែលបានរួម​សាមគ្គីសហ​ការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានា​យករដ្ឋមន្ត្រី ហើយបានជំរុញអភិវឌ្ឍខេត្ត ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវស​ន្តិសុខ សណ្ដាប់សាធារណៈសង្គម បានល្អប្រសើរ សំដៅលើកម្ពស់​ជីវភាពរប​ស់ប្រ​ជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ជាពិសេសការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ដែល​មិនត្រឹមតែបានជំរុញការកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទាំងទីក្រុង និងជនបទប៉ុណ្ណោះទេ ប៉ុន្តែក៍បានធ្វើការកែលម្អសោភ័ណភាពក្នុងខេត្ត យ៉ាងស្រស់បំព្រងផងដែរ គួរជាទីមោទន សម្រាប់​ការទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្ត៕

   

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button