ព័ត៌មានជាតិ

ពេលភ្លៀងធ្លាក់ម្តងៗពលរដ្ឋខ្លះមិនបានចេញទៅប្រកបរបររកទទួលទាននោះទេ ដោយសារផ្លូវស្អិតជាប់ចេញមិនរួច នៅផ្លូវចូលក្បែរការ៉ាសសាំង ហ៊ុល សេងហាប់ ស្ថិតក្នុងភូមិអូរឫស្សីលើ

(បន្ទាយមានជ័យ) ផ្លូវមួយខ្សែប្រវែងជាង១០០០ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥៨ ក្បែរការ៉ាសសាំងឈ្មោះ ហ៊ុល សេងហាប់ ឆ្ពោះទៅកាន់ផ្សារអូឬស្សីលើ ស្ថិតនៅក្នុងភូមិអូរឫស្សីលើ សង្កាត់អូឬស្សី ក្រុងប៉ោយប៉ែត រងការខូចខាតជាប់ស្អិតប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ពិសេសក្នុងរដូវវស្សាតែម្ដង។

ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា នៅរដូវប្រាំងមិនសូវជាពិបាកប៉ុន្មានទេ ប៉ុន្តែនៅរដូវវស្សាវិញពិបាកខ្លាំងណាស់ពេលភ្លៀងធ្លាក់ម្ដងៗសឹងមិនបានចេញផ្ទះទៅប្រកបរបររកទទួលទាននោះឡើយ ចំណែកកូនៗដែលជាសិស្សានុសិស្សពេលខ្លះទៅមិនទាន់ម៉ោងសិក្សាថែមទៀតផង ដោយសារផ្លូវជាប់ស្អិតរមូជាប់ម៉ូតូ បើដើរវិញទាល់តែដោះស្បែកជើង ។

ពលរដ្ឋស៊ីឈ្នួលដឹកទឹកលក់តាមផ្ទះនិងអ្នករត់តាក់ស៊ីបានប្រាប់ឲ្យដឹងថា ពេលនេះខ្លួនមិនបានចេញឡានទៅរកស៊ីទេ ដោយសារចេញមិនរួច ។ពួកគាត់បញ្ជាក់ថា ឱ្យតែចូលក្នុងរដូវវស្សាតែងតែទិញម្ហូបក្រៀមក្រោះសាគួរទុក នៅពេលភ្លៀងធ្លាក់ជាប់ស្អិតចេញមិនរួចគឺមានរបស់ទទួលទានស្រាប់ ព្រោះថាផ្លូវមួយខ្សែនេះពិបាកជាងផ្លូវផ្សេងៗទៀតក្នុងសង្កាត់អូរឫស្សីនេះ ផ្លូវខ្លះភក់ជ្រាំអាចទៅបាន ប៉ុន្តែផ្លូវនេះទៅមិនបានទេជាប់ស្អិត មិនចាំបាច់ថាជិះម៉ូតូឬរម៉កទេសូម្បីតែដើរសឹងពុំកើតផង ។ដូច្នេះពួកគាត់ស្នើឲ្យអាជ្ញាធរពិនិត្យនិងជួយសម្រួលដោះស្រាយផង ព្រោះថាពួកគាត់អត់ទ្រាំលំបាកនេះច្រើនឆ្នាំមកហើយ។

ជុំវិញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនេះដែរ លោក ប៉ាន សេរី ចៅសង្កាត់អូរឫស្សីបានប្រាប់ឱ្យដឹងទូរសព្ទថា សង្កាត់មានគម្រោងរួចហើយក្រោយពីប្រជុំជាមួយក្រុមប្រឹក្សាក្រុង នឹងធ្វើការជួសជុលឈូសឆាយចាក់ថ្មម៉ិចនៅដើមឆ្នាំ២០២៥ខាងមុខ ដោយចំណាយថវិកាផ្ទាល់ខ្លួន និងប្រជាពលរដ្ឋមួយចំនួនដែលចូលរួម ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ ។

លោកបញ្ជាក់ថា សង្កាត់អូរឫស្សីមានផ្លូវវាងច្រើន មានទាំងក្រាលថ្មម៉ិចនិងផ្លូវបេតុង ហើយបច្ចុប្បន្នសង្កាត់កំពុងតែខិតខំប្រឹងប្រែងធ្វើផ្លូវមេសំខាន់ៗដែលចាំបាច់សិន ផ្លូវបេតុងគឺជាគម្រោងថវិការបស់រដ្ឋ កន្លែងខ្លះលើកគម្រោងដាក់ហើយតែមិនទាន់បានធ្វើ ចំណែកផ្លូវតូចៗផ្សេងទៀតដែលប្រជាពលរដ្ឋជួបការលំបាកនោះ លោកនឹងព្យាយាមដោះស្រាយនិងធ្វើការឈូសឆាយកៀកិនចាក់ថ្មមិចដោយចំណាយថវិកាផ្ទាល់ខ្លួននិងពលរដ្ឋដែលចូលរួមនៅពេលដាច់គ្រាប់ភ្លៀងនាពេលខាងមុខ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button