ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងត្រៀមប្រារព្ធពិធីប្រណាំងទូក ង ទូកខ្នាត អន្តរជាតិ ដេីម្បីអបអរសាទរបុណ្យចេញព្រះវស្សា នៅថ្ងៃទី១៧ ខែតុលា ខាងមុខនេះ

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យទីតាំងសម្រាប់ត្រៀមប្រារព្ធពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ ដេីម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចេញព្រះវស្សា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដោយមានការបណ្តែតប្រទិប អុចកាំជ្រួច តាំងពិព័រណ៍សមិទ្ធផលនានា និងការប្រគំតន្ត្រីខ្នាតធំផងដែរ ។

គួរបញ្ជាក់ថា ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាម ក្នុងថ្ងៃបុណ្យចេញព្រះវស្សា រយៈពេលពេញ១ថ្ងៃ នៅវេទិកាអុំទូក ស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលនៅពេលរាត្រី មានការរៀបចំបណ្ដែតប្រទីប និងអុចកាំជ្រួច តាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត, ពិព័រណ៍ផលិតផលនានា និងការប្រគុំតន្ត្រីខ្នាតធំ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥- ១៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ។

ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានធ្វើការអំពាវនាវដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក លោក-លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ម្ចាស់ក្រុមហ៊ុន ពាណិជ្ជករ អាជីវករនានា និងលោក-លោកស្រី សូមមេត្តាជួយឧបត្ថម្ភ គ្រាំទ្រជាថវិកា និងសម្ភារៈផ្សេងៗដល់គណៈកម្មការខេត្តរៀបចំពិធី ដើម្បីមានលទ្ធភាពក្នុងការទ្រទ្រង់ដល់ក្រុមកីឡាករអុំទូក និងចាត់ចែងរៀបចំពិធីប្រណាំទូក ង ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាម ឲ្យទទួលលទ្ធផលល្អប្រសើរផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button