ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

រថយន្តធុនធំដឹកសសរ បុកជាមួយម៉ូតូ យ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធមនៅនឹងកន្លែង

(បន្ទាយមានជ័យ) បុរសម្នាក់បានស្លាប់យ៉ាងអណោចអាធមនៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តធុនធំដឹកសសរពេញបុកជាមួយនឹងម៉ូតូយ៉ាងពេញទំហឹងនាវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅលើបណ្ដោយផ្លូវជាតិលេខ ៥ ស្ថិតនៅក្នុងភូមិនិមិត្តមួយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តធំៗប្រភេទសណ្ដោងដឹកសសរ ចង្កូតស្ដាំពាក់ស្លាកលេខ BB-1919 បើកបរក្នុងទិសដៅពីកើតទៅលិច ពោលគឺពីខេត្តបន្ទាយមានជ័យឆ្ពោះទៅក្រុងប៉ោយប៉ែត ចំណែកម៉ូតូពាក់ស្លាកលេខ ប.មានជ័យ 1D-4339 បើកបរពីលិចទៅកើត(បញ្ច្រាសទិសគ្នា) លុះមកដល់ចំណុចកើតហេតុបានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូបានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។ក្រោយពីបង្កហេតុតៃកុងរថយន្តធន់ធំបានដាក់មេប្រូចបាត់ស្រមោល។

បើតាមគ្រួសារជនរងគ្រោះបានឲ្យដឹងថា សពមានឈ្មោះ ជ័យ សាវុធ ភេទប្រុស អាយុ៤០ឆ្នាំជាង មុខរបរជាគ្រូដើរមើលគេ រស់នៅភូមិតាចាន់ ឃុំបឹងរាំង ស្រុកមង្គលបូរី ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងជំនាញនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត បានចុះធ្វើការអន្តរាគមន៍និងវាស់វែងរួចនាំយកមធ្យោបាយពាក់ព័ន្ធយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ជាក្រោយ។ចំណែកសាកសពត្រូវបានប្រគល់ជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button