ពិធីប្រកាសតែងតាំងគណ:សង្ឃ វត្តសុភមង្គល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ
(បន្ទាយមានជ័យ) ព្រះសាមណៈញានណាប់ ម៉ឺន ព្រះបាឡាត់គណខេត្ត ព្រះមេត្តិញ្ញាណ ប៉ាត សុគន្ធ ព្រះអនុគុណក្រុងសិរីសោភ័ណ និងលោក យឹម សំណាង អភិបាលរង ខេត្តបន្ទាយមានជ័យ បាននិមន្តនិងអញ្ជើញជាធិបតីភាពក្នុងពិធីប្រកាសតែងតាំងព្រះសង្ឃវត្តសុភមង្គល សង្កាត់អូរអំបិល ក្នុងក្រុងសិរីសោភ័ណនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។
បន្ទាប់ពីគណៈអធិបតីបាន ប្រគេនប្រគល់លិខិតតែងតាំងថ្មី ព្រះចៅអធិការវត្តដែលបានតែងតាំង បានប្ដេជ្ញាចិត្តខ្ពស់រួមសាមគ្គីផ្ទៃក្នុង គ្មានអធិករណ៍កើតឡើង រក្សាតម្លៃនៃព្រះពុទ្ធសាសនា មានគណនេយ្យភាពនិងតម្លាភាពនិងប្រសិទ្ធភាពខ្ពស់។
ព្រះមេត្តិញ្ញាណ ប៉ាត សុគន្ធ និងព្រះសមណៈញាណណាប់ ម៉ឺន ព្រះអង្គបានមានសង្ឃដីកាថា ការតែងតាំង គណះសង្ឃវត្ត គឺបានធ្វើការជ្រើសរើស ដោយការយកចិត្តទុកដាក់ ជាបុគ្គល ដែលមានសមត្ថភាពខ្ពស់អាចដឹកនាំគ្រប់គ្រងទីវត្តអារាមបានយ៉ាងល្អប្រសើរ មិនមែនចាប់ដាក់បក្ខពួកនិយមនោះឡើយ។ សំខាន់គឺភាពអត់ធន់ម៉ត់ចត់ ហើយបើយើងដឹកនាំពុំបានល្អនោះទេអាចនាំមុខលើភាពមិនល្អ អាប់ឱនដល់ព្រះពុទ្ធសាសនា ។ អ៊ីចឹងមានន័យថាឈើខ្លឹមដែលបានមកហើយ ត្រូវកែច្នៃដុសខាត់ធ្វើយ៉ាងណាឲ្យបានល្អប្រសើរជាងត្រូវពង្រឹងការងារទំនាក់ទំនងជាមួយអាជ្ញាធរគោរពច្បាប់បញ្ជីស្នាមចំណូលចំណាយ សាងសង់អ្វីៗ ត្រូវពិគ្រោះពិភាក្សាឲ្យបានម៉ត់ចត់ កុំសំរេចចិត្តតែម្នាក់ឯង ក្រែងមានបញ្ហាកើត បញ្ជៀស ឲ្យបាននូវអធិករណ៍ ទំនុកបម្រុង សមណ:សិស្ស ឲ្យបានសិក្សារៀនសូត្រ។
លោក យឹម សំណាង អភិបាលរងខេត្ត បានមានប្រសាសន៍ថា ពុទ្ធសាសនា ជាប្រភពផ្តល់នូវ គុណតម្លៃ ដ៏សំខាន់ ដែលមាន ឥទ្ធិពលលេី របបនយោបាយ ច្បាប់ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ហេីយ ការប្រតិបត្តិសាសនា តែងមានទាក់ទង ននិងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌របស់ជាតិ ដែលជា អត្តសញ្ញាណ និង គុណតម្លៃរួម ដឹកនាំជីវិតរស់នៅរបស់មនុស្សក្នុងសង្គម ធ្វើឲ្យផ្នត់គំនិតឥរិយាបថសកម្មភាព សមរម្យនិងមានលក្ខណៈប្រហាក់ប្រហែលគ្នាអាចរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា ដូចនេះ គណ:សង្ឃវត្ត ពិតជាមានភាព ចាំបាច់ ក្នុងការគ្រប់គ្រងដឹកនាំ ត្រូវមើលឃើញពីគុណតម្លៃ ប្រព្រឹត្តត្រឹមត្រូវតាមធម៌វិន័យ គោរពច្បាប់អាចលើកកម្ពស់សីលធម៌ គុណធម៌ជួយឲ្យសង្គមមានសាមគ្គីធម៌ សុខដុមរមនា សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ចុងបញ្ចប់គណ:អធិបតីពុទ្ធបរិស័ទ បានស្រោចស្រព សុគន្ធវារី ដល់គណ:សង្ឃដែលត្រូវបានប្រកាសតែងតាំងនាថ្ងៃនេះ៕