ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចខ្សែភ្លើង
(បន្ទាយមានជ័យ) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការកងរាជអាវុធហត្ថក្រុង បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួកចំនួន០៣នាក់ ១.ឈ្មោះ ម៉ោញ តុលា (ហៅខ្លា) ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ , ២.ឈ្មោះ ឡា ស៊ីណុច ភេទប្រុស អាយុ ៣០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ក្រោយពីបានទទួលពាក្យបណ្ដឹងជនរងគ្រោះ ក្នុងករណីលួចខ្សែភ្លើង ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៥និង០០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ព្រមទាំងដកហូតវត្ថុតាង ខ្សែភ្លើងដុតយកស្ពាន់ចំនួន០៥ដុំ និងកូនពូថៅចំនួន០១ដើម ហើយបញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសួរនាំ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។ ។
លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចខ្សែភ្លើងរបស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕