រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធព្រះរាជពិធីថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៩ យាងចូល ៧០ ព្រះវស្សា
(ប៉ៃលិន)៖នាព្រឹកនេះ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ បានរៀបចំប្រារព្ធព្រះរាជពិធីថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៩ យាងចូល ៧០ ព្រះវស្សា ។
ពិធីនេះបានធ្វើឡើងនៅបរិវេណសាលាខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមអ្នកតំណាង រាស្ត្រ មណ្ឌល ប៉ៃលិន ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង–ស្រុក មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត និងមន្រ្ដីរាជការសាលាខេត្តប៉ៃលិន យុវជនស.ស.យ.ក យុវជនកាកបាទ យុវជនកាយរិទ្ធ សិស្សានុសិស្សផងដែរ ។
លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្ត បានអានសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៩ យាងចូល ៧០ ព្រះវស្សា ។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ដ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជារាស្ដ្រទូទាំងខេត្ដ ប៉ៃលិន សូមព្រះបរមរាជានុញ្ញាត ដ៏ខ្ពង់ខ្ពស់ ធ្វើអភិវន្ទនកិច្ច លំឱនកាយចំពោះព្រះមហាករុណាទិគុណ និងក្រាបបង្គំទូលថ្វាយនូវអំណរសាទររីករាយក្រៃលែងប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្ដឫក្សអធិកអធម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៩ យាង ចូល៧០ព្រះវស្សា នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
ស្ថិតក្នុងបរិយាកាសដ៏មង្គលប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មានទេវតាទាំងមួយម៉ឺនលោកធាតុ មហិទ្ធិឫទ្ធិទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មីព្រះនាម មហោធរៈទេវី តេជៈបារមី នៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងតេជៈបារមីព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ មហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ សូមព្រះមេត្ដាជួយប្រោះព្រំគាំពារថែរក្សាព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយ ពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសព្ទសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ព្រះរាជសុខភាព ល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ជា ព្រះប្រមុខរដ្ឋ និងជាម្លប់ត្រជាក់ត្រជុំដល់ប្រជារាស្ដ្រខ្មែរជាកូន–ចៅ របស់ព្រះអង្គបានជ្រកកោនរស់នៅប្រកបដោយ សុខសន្ដិភាព សេចក្ដីសុខក្សេមក្សាន្ដ និងរុងរឿងថ្កុំថ្កើងជានិច្ចនិរន្ដរ៍ដរាបតរៀងទៅ។
សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្ដាប្រោសទទួលនូវអភិវន្ទនកិច្ច និងភក្ដីភាពដ៏ស្មោះស្ម័គ្របំផុតពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ៕