ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងរៀបចំពិធីប្រកាសជ័យលាភីខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលចំនួន ២ទៀត គឺខេត្តតាកែវ និងខេត្តស្ទឹងត្រែង
(ភ្នំពេញ)៖ ក្នុងពិធីប្រកាសទទួលស្គាល់រាជធានីភ្នំពេញ ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS) កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលរាជធានីសម្រេចបាននាពេលកន្លងមក និងក្នុងពេលបច្ចុប្បន្ន លើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។ជាក់ស្ដែងការទទួលបានជ័យលាភីជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់លើកទី១នៅកម្ពុជានាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីស្ថានភាពល្អប្រសើរនៃលក្ខខណ្ឌរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកជួយទ្រទ្រង់សុខភាព និងអនាម័យ ដែលធ្វើឲ្យមានអាយុកាលសង្ឃឹមរស់របស់ប្រជាជនកាន់តែវែង (Life Expectancy)។ នេះជាសមិទ្ធផលដែលកើតចេញពីកត្តាសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់បិតាសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដឹកនាំប្រកបដោយឋាមវន្ត និងចក្ខុវិស័យវែងឆ្ងាយដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ។
ឯកឧត្ដមរដ្ឋមន្រ្ដី បានលើកឡើងថា បច្ចុប្បន្នក្រសួង បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយនឹងដាក់ផែនការសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។ ដោយឡែកចំពោះការសម្រេចបានរាជធានី ខេត្ត ODF និង ODF PLUS គិតត្រឹមថ្ងៃនេះ មានរាជធានី ខេត្តចំនួន ១២ហេីយ ។ នៅក្នុងឆ្នាំ២០២៤នេះ ក្រសួងគ្រោងនឹងរៀបចំពិធីប្រកាសជ័យលាភីខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលចំនួន ២ទៀត គឺខេត្តតាកែវ និងខេត្តស្ទឹងត្រែង ដែលធ្វើឱ្យចំនួនរាជធានី–ខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកើដល់ ១៤/២៥ រាជធានី–ខេត្ត ៕