ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវកងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ វណ្ណា សុជាតា ស្តីពីករណីលួចម៉ូតូ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ផ្លាកលេខ បាត់ដំបង 1AV-4351 ចំនួន០១គ្រឿង និងទូរស័ព្ទដៃម៉ាក OPPO ចំនួន០១ គ្រឿង កាលពីវេលាម៉ោង១២ និង០០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយមកនៅវេលាម៉ោង១៤ និង៤៥នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ជនរងគ្រោះបាននាំជនសង្ស័យ០១នាក់ ឈ្មោះ សត ស៊ីម ភេទស្រី អាយុ២៧ឆ្នាំ ដែលបានលួចម៉ូតូខាងលើ មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយសួរនាំរួចជនសង្ស័យ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន ក្រោយជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូ និងទូរស័ព្ទដៃរបស់ជនរងគ្រោះពិតប្រាកដមែន ព្រោះម្ចាស់ម៉ូតូជាសង្សារបស់ខ្លួន (ស្រីស្រលាញ់ស្រី)។ ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕