រដ្ឋបាលខេត្តបន្ទាយមានជ័យ និងព្រះមន្រ្តីសង្ឃ ប្រារព្ធពិធីបុណ្យវិសាខបូជា ដ៏មានសារសំខាន់ នៃព្រះពុទ្ធជាអម្ចាស់ ដោយធ្វើការដង្ហែជុំវិញក្រុងសិរីសោភ័ណ
(បន្ទាយមានជ័យ)៖រដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយព្រះមន្រ្តីសង្ឃ ព្រមទាំងមានការចូលរួមពីប្រជាពុទ្ធបរិស័ទ កាលពីរសៀលថ្ងៃ១៥ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ បាននិមន្ត /អញ្ជើញប្រារព្ធពិធីបុណ្យវិសាខបូជា ជាបុណ្យដ៏មានសារសំខាន់ នៃព្រះពុទ្ធជាអម្ចាស់ ដោយធ្វើការដង្ហែជុំវិញក្រុងសិរីសោភ័ណ អមដង្ហែព្រះសារីរិកធាតុ និងបានធ្វើពិធីតាមបែបព្រះពុទ្ធសាសនា នៅវត្តគីរីជុំចម្ការខ្នុរ នៅក្រុងសិរីសោភ័ណ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា សក្ខីភាពនេះបានឆ្លុះបញ្ចាំងយ៉ាងប្រចក្សនូវ មោទនភាពចំពោះព្រះពុទ្ធសាសនា ដែលបានរស់នៅយ៉ាងសុខដុមរមនា ក្រោមម្លប់ដ៏ត្រជាក់នៃអង្គសម្ដេចព្រះមរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹក ដ៏ភ្លឺស្វាងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបានបន្តថា ប្រជាជាតិទាំងឡាយអ្នកជឿជាក់លើព្រះពុទ្ធសាសនា ប្រារព្ធពិធីបុណ្យពិសាខបូជា តាមគន្លងប្រពៃណី ដើម្បីរំឭកដល់ថ្ងៃមក។វិសាខបូជា ឬពិសាខបូជា គឺជាពិធីបុណ្យ ដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតមួយក្នុងចំណោមបុណ្យដទៃទៀត នៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗ បីនាសម័យកាល របស់ព្រះសម្មាសម្ពុទ្ធ សមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់ប្រសូតបានត្រាស់ដឹង និងបរិនិព្វាន។បព្រឹត្តិការណ៍ ទាំងបីនេះ គឺ កើតឡើងនៅចំថ្ងៃ១៥ កើត ពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នាខុសតែឆ្នាំប៉ុណ្ណោះ។
កម្មវិធីបុណ្យពិសាខបូជានេះមិនត្រឹមតែជាបុណ្យសម្រាប់ពុទ្ធសាសនិកជនខ្មែរនោះទេ ប៉ុន្តែវិសាខបូជា ត្រូវបានអង្គការ សហប្រជាជាតិប្រកាស ក្នុងកិច្ចប្រជុំលើកទីហាសិបបួនពីអំឡុងខែធ្នូ ឆ្នាំ១៩៩៩ បានច្បាប់គឺថា ថ្ងៃបុណ្យវិសាខបូជា ជាថ្ងៃដ៏សំខាន់របស់ពិភពលោក ព្រះពុទ្ធសាសនាគឺជាសាសនានៃសុខសន្តិភាព។ចុងក្រោយឯកឧត្តមអភិបាលខេត្តបានប្រគេន ប័ណ្ណថ្លែងអំណរគុណបាននិងប័ណ្ណសរសើរ ដល់ព្រះតេជគុណនិងប្រជាពុទ្ធបរិស័ទដែល បានចូលរួមឧបត្ថម្ភក្នុងកម្មវិធីបុណ្យវិសាខបូជានេះផងដែរ ៕