អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត
(បន្ទាយមានជ័យ)៖កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ ផេង ហៅប៊យ ភេទប្រុស អាយុ១៩ឆ្នាំ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឌួង ហួត ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យក្នុងករណីរំលោភលើទំនុកចិត្ត ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះលោកបានដឹកនាំកម្លាំង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ចុះស្រាវជ្រាវរហូតឈាឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនៅវេលាម៉ោង១២ និង០០នាទី ថ្ងៃទី១២ ខែធ្នូ រួមទាំងដកហូតវត្ថុតាង ម៉ូតូម៉ាកហុងដា PCX មួយគ្រឿង រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវីធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូម៉ូតូរបស់ជនរងគ្រោះជិះ ហើយយកទៅលក់ឱ្យអ្នកទិញមិនមានទីតាំងច្បាស់លាស់បានប្រាក់ចំនួន៣៥០ដុល្លារ ហើយស៊ីចាយអស់។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនសង្ស័យក្រោយពីធ្វើនិតិវិធីរួចបានបញ្ជូនទៅសាលាដំបូងខេត្ត នាចុងសប្តាហ៍នេះដើម្បីអនុវត្តតាមនីតិវិធី៕