កិច្ចប្រជុំបូកសរុបវឌ្ឍនៈភាពការងារឆ្នាំ២០២៤ និងអនុវត្តផែនការសកម្មភាពថវិកាឆ្នាំ២០២៥ របស់សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនៈភាពការងារឆ្នាំ២០២៤ និងអនុវត្តផែនការសកម្មភាពថវិកាឆ្នាំ២០២៥ របស់សាខាកាកបាទក្រហមខេត្ត ដោយមានការចូលរួមពី អស់លោក លោកស្រី សមាជិកសាខា និងក្រុមមន្ត្រីប្រត្តិបត័សាខា។ក្នុងកិច្ចប្រជុំនាឱកាសនេះផងដែរ អស់លោក លោកស្រី សមាជិកក្រុមប្រត្តិបត័ បានធ្វើការលើកឡើងផ្អែកតាមលទ្ធភាពកៀងគរ ចំណូលប្រចាំឆ្នាំរបស់សាខាកាកបាទក្រហមខេត្ត និងអនុវត្តយោងតាមយុទ្ធសាស្ត្រ ២០២១–២០៣០ របស់កាកបាទក្រហមកម្ពុជា សាខាបានរៀបចំផែនការសកម្មភាព និងថវិកាស្របតាមវិស័យអាទិភាព គឺ វិស័យអាទិភាពការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ វិស័យអាទិភាពសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ វិស័យអាទិភាពការលើកកម្ពស់គោលការគ្រឹះ និងតម្លៃមនុស្សធម៌ និងវិស័យអាទិភាពការអភិវឌ្ឍន៍ស្ថាប័នជាដើម។
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានកោតសរសើរដោយស្មោះចំពោះ សមាជិក សមាជិកា ក្រុមមន្ត្រីប្រត្តិបត័សាខា រយៈកន្លងមកក៏ដូចជាបច្ចុប្បន្ន បានខិតខំបំពេញការងារស្នូលរបស់ខ្លួនទទួលបានជោគជ័យ ជាពិសេសលើវិស័យជាអាទិភាពចំបងជាងគេគឺ វិស័យមនុស្សធម៌ ទីណាមានប្រជាពលរដ្ឋក្រលំបាក ទទួលរងគ្រោះ ងាយរងគ្រោះនោះ គឺមានកាកបាទក្រហមចុះជួយជានិច្ច ដោយមិនទុកឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។
ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា ចំពោះការកៀងគរចំណូលប្រចាំឆ្នាំរបស់សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ជារៀងរាល់ឆ្នាំថវិកាទាំងអស់ដែលយើងទទួលបានពី សប្បុរសជន យើងបានធ្វើការចាយវាយមានការសន្សំសំចៃខ្ពស់ សកម្មភាពមនុស្សធម៌ គឺចំគោលដៅក្នុងនោះ សកម្មភាពរបស់សាខាកាកបាទក្រហម គឺដើរទន្ទឹមគ្នាជាមួយរាជរដ្ឋាភិបាលជានិច្ច ក្នុងនោះសកម្មភាពចម្បងដែលបានអនុវត្តនឹងធ្វើសកម្មភាពរួមមាន ការងារត្រៀមឆ្លើយតបគ្រោះមហន្តរាយ ការឆ្លើយតបគ្រោះមហន្តរាយ ការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការងារសុខភាពសហគមន៍ ការងារបណ្ដុះបណ្ដាលវិជ្ជាសង្គ្រោះបឋម លើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃ និងលើកកម្ពស់វប្បធម៌អហឹង្សា។ល៕