ព័ត៌មានជាតិ

មន្ត្រី បន្តផ្តល់អត្តស​ញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក ​និង​សេវាអត្តសញ្ញាណ​កម្ម ជាង ​២ម៉ឺន​សេវាទៀត ជូនប្រជា​ពលរដ្ឋ

ភ្នំពេញ៖ក្នុងរយៈពេល ២សប្តាហ៍កន្លងមក​នេះ គិតចាប់​ពីថ្ងៃទី២​ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២​០២៤ មន្ត្រីទទួលបន្ទុក​ការងារអត្តសញ្ញាណ​កម្ម នៃក្រសួងមហាផ្ទៃ បានបន្តផ្តល់សេវាអត្តស​ញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ សរុបចំនួន ៩.៩១៤សន្លឹក ជូនប្រ​ជាពលរដ្ឋ ដោ​យឥតគិតថ្លៃ នៅ​ទូទាំងប្រទេស។ នេះ​បើតា​ម​លោកបណ្ឌិត ទូច សុឃៈ​ អ្នក​នាំពាក្យរង​ក្រសួ​ងមហាផ្ទៃ ឱ្យដឹ​ងនាព្រឹក​១៧ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងរយៈ​ពេលដូចគ្នានេះ អ្នកនាំពាក្យរងក្រសួងម​ហាផ្ទៃ បានឱ្យដឹងដែ​រថា មន្រ្តី ក៏បានបន្តផ្តល់​សេវាអត្តសញ្ញាណ​កម្មផ្សេងទៀត សរុបជាង​ ២ម៉ឺនសេវា ជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែរ ក្នុងនោះ​រួមមាន៖ សេវាលិខិតឆ្លងដែនមាន​ចំនួន ១១.៧១៨ក្បាល លិខិតធ្វើដំណើរមានចំនួន ២.៨​២៧ក្បាល សៀវភៅស្នាក់នៅ មា​នចំនួន ៤.២១៣ក្បាល និងសៀវភៅគ្រួ​សារ មានចំនួន ៣.៦​៧៣ក្បាល។

បើតាមលោកបណ្ឌិត ទូច សុឃៈ ដើម្បីបំពេ​ញតម្រូវការរបស់ប្រជាពលរដ្ឋ អគ្គនាយដ្ឋាន​អត្តស​ញ្ញាណក​ម្ម នៃក្រសួងមហាផ្ទៃ បានរិះរក​គ្រប់មធ្យោបាយដើម្បី​បង្កើនប្រសិ​ទ្ធភាពនៃការផ្ដល់​សេ​វាឱ្យកា​ន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹក​នាំដោយ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជំរុញឱ្យក្រសួងមហាផ្ទៃ យ​កចិ​ត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឱ្យសេវាសាធារណៈ មានភាពងាយស្រួលជូនពលរដ្ឋ។

លោកប​ន្ថែមថា ជាក់ស្ដែងអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម បានដាក់ចេញនូវសេវាជា​ច្រើនតា​មប្រព័ន្ធអន​ឡាញ (online) ជូនប្រជាពលរដ្ឋ ព្រមទាំងបន្តផ្ដល់សេវាទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមមូលដ្ឋាន និងនៅតាមផ្សារទំនើប ខណៈឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយ​ករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានដាក់គោ​លការណ៍ឱ្យ​បន្តសិក្សាតាម​បណ្តាច្រកចេ​ញចូ​លតែមួយ ដើម្បីជំរុញការផ្តល់​សេវាធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ប្រកបដោយ​គុណភាព និងប្រសិទ្ធភាព ស្របតាមទស្សនៈ “អ្វីៗធ្វើដើម្បីផ្តល់​ភាពកក់ក្តៅជូន​ប្រជាពលរដ្ឋ”។

សូមបញ្ជាក់ថា ដើម្បីជំរុញការងារផ្ដលសេវាអត្តសញ្ញាណប័ណ្ណ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានសន្លឹកអត្តសញ្ញាណប័ណ្ណគំរូថ្មី របកខូច សូមយក​មកប្តូរនៅតា​មប៉ុស្តិ៍នគ​របាលរដ្ឋបាល ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខ័ណ្ឌ ឬស្នងការដ្ឋានន​គរបាលរាជ​ធានី ខេត្ត នៃទីកន្លែងដែលប​ងប្អូនរស់នៅ ឬនៅនាយ​កដ្ឋានអត្តសញ្ញា​ណប័ណ្ណសញ្ជាតិ​ខ្មែរ។ ដោយឡែកអ្នកមានអត្តស​ញ្ញាណប័ណ្ណ ជិតផុតសុពលភាព ក៏អាចស្នើសុំធ្វើឡើងវិញ ដោយឥ​តគិត​ថ្លៃនៅទីតាំងទាំងនោះបានដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button