សមត្តកិច្ចជំនាញស្រុក ក្រុង ខេត្ត សហការគ្នាតាមប្រម៉ាញ់ ចោរលួចម៉ូតូពលរដ្ឋ ឃាត់ខ្លួនបាន២នាក់ គេច១នាក់
(ខេត្តប៉ៃលិន)៖សមត្តកិច្ចជំនាញ សហការគ្នាតាមប្រម៉ាញជនសង្ស័យ រហូតឃាត់ខ្លួនបក្ខពួក ចោរលួចម៉ូតូ១គ្រឿង របស់ពលរដ្ឋនៅភូមិផ្សារព្រំ ដោយឃាត់ខ្លួនបាន២នាក់ នៅចន្លោះម៉ោង ០១និង៣០នាទីយប់ដល់ម៉ោង០៨ និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលដីថ្មីផ្លូវទី២ ខាងឆ្វេងដៃផ្ទះឈ្មោះ លឹម ដារ៉ា ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សមត្តកិច្ចជំនាញបានឲ្យដឹងថា ម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ ចំរើន ភិរុណ្យ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិ កន្សែងបន្ទាយ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ម៉ូតូដែលបាត់ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២២ ពណ៌ក្រហម លេខតួ ៦១០១៥៧០ លេខម៉ាស៊ីន ៦១០១៥៧០ ពាក់ស្លាកលេខ បាត់ដំបង ១AO – ៨៦០១។ជនសង្ស័យពុំស្គាល់អត្តសញ្ញាណបានធ្វើសកម្ម ភាពរួចគេចខ្លួនបាត់។
បើតាមការបំភ្លឺរបស់ម្ចាស់ម៉ូតូ នៅមុនពេលកើតហេតុការនៅវេលាម៉ោងខាងលើគាត់បានជិះម៉ូតូចេញទៅទិញសាច់មាន់ហូប ហើយជិះមក វិញដោយចាក់សោរកម៉ូតូទុកនៅខាងមុខផ្ទះជួល រួចក៏ចូលទៅគេងនៅខាងក្នុងបន្ទុប់ លុះព្រឹកឡើងវេលាម៉ោង០៨ និង៤០នាទី ថ្ងៃដដែលគាត់បានចេញមកពីបន្ទុប់វិញ ស្រាប់តែបាត់ម៉ូតូមិនឃើញ ក៏មកដាក់ពាក្យបណ្ដឹងទៅសមត្តកិច្ចនគរបាលជំនាញយុត្តិធម៌ នៃអធិការស្រុកសាលាក្រៅ ក្រោយមកកម្លាំងជំនាញយុត្តិធម៌ក៏បានសហការជាមួយកម្លាំងប៉ុស្តិ៍កំពុងធ្វើការស្រាវជ្រាវ លុះដល់វេលាម៉ោង១៤ និង០០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការ ស្រុកសាលាក្រៅ បានកំណត់មុខសញ្ញាបាន សហការ ជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងកាច់ រួមនិងកម្លាំងព្រហ្មទណ្ឌអធិការ ក្រុងប៉ៃលិន បានចុះឆែកឆេរ បន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ក្រោយពីឆែកឆេរ រកឃើញ អាវម៉ូតូសង់ឌ្រីមពណ៌ក្រហម០១ឈុត មួយសុវត្ថិភាព០១ ពោះវៀនម៉ូតូ ០១ សំបកកង់ម៉ូតូ០១ កូនសោលេខ២២ ចំនួន០២ ដែកគាស់០១ ដែកកាប់០១ ដែកអក្សរ តេ០១ ការបូបស្ពាយ ពណ៌ខ្មៅ០១ និងកញ្ចក់ម៉ូតូ ០១គូរ ។
បន្ទាប់មកបានឃាត់ខ្លួនបក្ខពួកជនសង្ស័យឈ្មោះ កុយ ឧត្ដម ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ ចំណែកជនដៃដល់០២នាក់ទៀតបានជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់ មុនពេលដែលសមត្ថកិច្ចទៅដល់។លុះដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១ និង០០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌ អធិការស្រុកសាលាក្រៅ សហការជាមួយកម្លាំងបុស្តិ៍នគរបាល សង្កាត់ប៉ៃលិន និងកម្លាំងអន្តរាគមន៍អធិការ ក្រុង ប៉ៃលិន បានកំណត់មុខសញ្ញានិងឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ទៀតឈ្មោះ អាត តាក់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអូរតាប្រាំង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (បក្ខពួកជនដៃដល់) រហូតដល់ម៉ោង១៣និង៣០នាទី មុខសញ្ញាជនសង្ស័យដែលជាជនដៃដល់បានបង្ហាញខ្លួន ហើយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ស្នងការខេត្តប៉ៃលិន កម្លាំងជំនាញ ផ្នែកព្រហ្មទណ្ឌ អធិការ ក្រុង /ស្រុក និងកម្លាំងប៉ុស្តិ៍ស្ទឹងកាច់បានប្រដេញតាមជនសង្ស័យ ប៉ុន្តែជនសង្ស័យ បានដឹងខ្លួនជាមុនរួចបានទុកម៉ូតូ ចោលហើយរត់ចូលចំការបាត់តែម្តង ៕ ដោយ ៖ លោក ក្រូច ណាវី