ម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណាល័យ ១ខ្នង និងបិទអនុសំវច្ឆរមន្ត្រីសង្ឃទូទាំងស្រុកខ្សាច់កណ្ដាល លើកទី២៩ នៅក្នុងវត្តស្វាយជ្រុំ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង
ខេត្តកណ្ដាល៖ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណាល័យ ១ខ្នង និងបិទអនុសំវច្ឆរមន្ត្រីសង្ឃទូទាំងស្រុកខ្សាច់កណ្ដាលលើកទី២៩ នៅក្នុងវត្តស្វាយជ្រុំ ស្ថិតនៅក្នុងភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ។ពិធីនេះក៏មានការនិមន្ត និងចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អជ្ញាធរស្រុកខ្សាច់កណ្តាល ព្រះសង្ឃ និងពុទ្ធបរិស័ទជាច្រើនរូបផងដែរ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពវៃឆ្លាតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបាននាំមកនូវ សុខសន្តិភាព សេរីភាពពេញលេញ។
ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានសន្តិភាព និងអភិវឌ្ឍន៍លើ គ្រប់វិស័យ ពិសេសថ្មីៗនេះសម្ដេចតេជោ បានខិតខំស្វែងរកវ៉ាក់សាំង បង្ការជំងឺកូវីដ–១៩ មកចាក់ស្រោចជូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានធ្វើឱ្យប្រទេសកម្ពុជាយើងមិនមានអ្នកឆ្លង និងស្លាប់ថ្មី ដោយជំងឺកូវីដ–១៩ ឡើយ ហើយប្រទេសកម្ពុជាក៏ទទួលបានចំណាត់ថ្នាក់លេខ២ ទូទាំងពិភពលោកជាប្រទេសដែលទប់ស្កាត់ជំងឺកូវីដ–១៩បានល្អប្រសើ។
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសុខសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តនិរន្តរភាពនៃការអភិវឌ្ឍជាបន្តបន្ទាប់ទៀត ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។
នៅក្នុងពិធីនេះដែរ ឯកឧត្តម ក៏បានអំពាវនាវ អោយប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៥ អោយបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ៕