សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះជូនលោកយាយ សែម យ៉ុន និងបងប្អូនគ្រួសារក្រីក្រ នៅភូមិជំទាវ ស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖ក្រោយពីភ្លើងបានឆេះផ្ទះទាំងស្រុងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ ដែលជាផ្ទះប្រជាពលរដ្ឋមួយគ្រួសារនៅភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ក្រុមប្រតិបត្តិសាខាកាកបាទក្រហមខេត្ត សហការជាមួយអាជ្ញាធរបានធ្វើការប៉ាន់ប្រមាណ តម្រូវការរបស់គ្រួសាររងគ្រោះលោកយាយ សែម យ៉ុន អាយុ ៧៨ឆ្នាំដែលរងគ្រោះដោយភ្លើងឆេះផ្ទះ និងមានជីវភាពទីទ័លក្រ រួមនឹងទទួលបន្ទុកចិញ្ចឹមចៅចំនួនពីរនាក់ទៀត។ ដោយពិនិត្យមើលឃើញពីការលំបាកក្នុងនោះសាខាកាកបាទក្រហមខេត្តបានរកជាង សាងសង់ផ្ទះថ្មីមួយខ្នងដែលមានទំហំទទឹង ៤ម៉ែត្រ បណ្តោយ៦ម៉ែត្រ កម្ពស់ ៣,៨ម៉ែត្រសង់ពីដែកប្រក់ស័ង្កសីជញ្ជាំងស័ង្កសីបានចាក់សាបស៊ីម៉ង់ សង់ផ្ទះផ្ទាល់ដីនិងបង្គន់អនាម័យ មួយឈុតដែលបានចំណាយថវិកាសរុបអស់ចំនួន២១៧៣ដុល្លារសហរដ្ឋអាមេរិក។ ហើយនារសៀលថ្ងៃទី១៤ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អស់លោក លោកស្រី ក៏បានរៀបចំពិធីប្រគល់ផ្ទះជួលលោកយាយ សែម ជនផងដែរ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ផ្ទះថ្មីនៅចំពោះមុខយើងនេះ គឺជាផ្ទះមនុស្សធម៌របស់កាកបាទក្រហមខេត្តមានលក្ខណៈសមរម្យក៏រឹងមាំ អាចកាត់បន្ថយភាពងាយរងគ្រោះបានមួយកម្រិតហើយគិតមកដល់ពេលនេះ សាបានអនុវត្ត សង់ផ្ទះរយៈកាលកន្លងមកចំនួន១៧ផ្ទះហើយ ការអនុវត្តនៃគម្រោងសាងសង់ផ្ទះជូនគ្រួសារក្រីក្រខ្វះខាតជម្រកស្នាក់នៅនេះពិតជាបានលើកកម្ពស់តម្លៃមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជាប្រធានដឹកនាំ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍បន្តថា សម្ភារៈថវិកាទាំងអស់ដែលសាខាកាកបាទក្រហមយកមកផ្តល់ជូនបងប្អូនក្នុងឱកាសនេះគឺបានមកពីការចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមរយៈសាខាកាកបាទក្រហមខេត្ត រួមមានឯកឧត្តម លោកជំទាវ អស់លោកលោកស្រីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងសប្បុរសជនជិតឆ្ងាយ។ ក្រៅពីប្រគល់ផ្ទះសាខាបានផ្ដល់នូវសម្ភារៈមួយចំនួនជូនលោកយាយ សែម យ៉ុន រួមមានអង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកសុទ្ធ៥យួរ ធុងទឹកជ័រ១ ឆ្នាំង២ ចាន៥ ស្លាបព្រា៥ កន្ទេលជ័រ១ មុង១ ភួយ១ សារុង៤ ក្រមា១ និងថវិកាមួយចំនួន។ ដោយឡែកគ្រួសារក្រីក្រចាស់ជរាចំនួន ១០គ្រួសារក្នុងនោះ១គ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម មីមួយកេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ភួយ១ក្រមា១ សារុង២ ថវិកាមួយចំនួន និងបងប្អូនដែលចូលរួមម្នាក់ៗ ទទួលបាននូវសារុង១ ក្រមា១ រួមទាំងថវិកាមួយចំនួនផងដែរ៕