ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ស្នើប្រជាពលរដ្ឋ ជាម្ចាស់ក្បាលដី ដែលបានកាន់កាប់ស្របច្បាប់ ត្រូវចូលរួមសហការត្រៀមឯកសារឱ្យបានត្រឹមត្រូវ ដើម្បីឱ្យមន្ត្រីចុះបំពេញការងារបានលឿនឆាប់រហ័ស
ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ អញ្ជើញផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិវាល ភូមិចាំស្រី និងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ថ្ងៃនេះយើងបានមកជួបជុំគ្នាជាថ្មីម្តងទៀត ដើម្បីប្រកាសកំណត់តំបន់វិនិច្ឆ័យដីធ្លីលក្ខណៈជាប្រព័ន្ធ ព្រមទាំងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងបងប្អូនប្រជាពលរដ្ឋដែលបាននិមន្ត និងអញ្ជើញចូលរួមនៅពេលនេះ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ប្រជាពលរដ្ឋ ជាម្ចាស់ក្បាលដី ដែលបានកាន់កាប់ស្របច្បាប់ ត្រូវចូលរួមសហការ ត្រៀមឯកសារ អត្ត សញ្ញាណ និងបោះបង្គោលព្រំដីឱ្យបានត្រឹមត្រូវ ដើម្បីឱ្យមន្ត្រីជំនាញចុះបំពេញការងារបានលឿនឆាប់រហ័ស។បន្ទាប់ពីឃុំនេះទៅ យើងនឹងបន្តការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនៅឃុំស្ទឹងឆាយ និងឃុំចំការហ្លួង ស្រុកកំពង់សីលាបន្តទៀត។យើងត្រូវជំនះឧបសគ្គយ៉ាងច្រើន ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋរបស់យើង៕