ពិធីបិទយុទ្ធនាការ ឃោសនារកសម្លេងឆ្នោត ឃុំសង្កាត់អាំណត្តិទី៥ ឆ្នាំ២០២២
(បន្ទាយមានជ័យ)៖អស់រយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ គណបក្សនយោបាយទាំង១១ ក្នុងខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោត សម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានធ្វើការកំណត់ឲ្យបិទបញ្ចប់ នៃការឃោសនា រកសំឡេងឆ្នោត នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។និយាយជារួម និងនិយាយដោយឡែកសម្រាប់គណបក្សប្រជាជនកម្ពុជា នៅទូទាំងខេត្តបន្ទាយមានជ័យ មាន៦៧ ឃុំ សង្កាត់ ត្រូវបានធ្វើពិធីដង្ហែមុនយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដោយឡែកក្នុងក្រុងសិរីសោភ័ណ សង្កេតឃើញសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា បានដង្ហែក្បួនបិទយុទ្ធនាការ មានការចូលរួមយ៉ាងច្រើនកុះករ តាមក្បួនរថយន្ត ម៉ូតូធ្វើដំណើរតាមគ្រប់ច្រកល្ហកជុំវិញក្រុងសិរីសោភ័ណ និងមានឧបករណ៍បំពងសំឡេងស្រែកឃោសនា ស្ដីពីគោលការណ៍សំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា។
លោក អាង ណារិទ្ធ ក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ព្រះពន្លា និងឯកឧត្ដម អ៊ី ឡុង សមាជិកសភាមណ្ឌលខេត្តបន្ទាយមានជ័យបានថ្លែងសារ របស់គណបក្សប្រជាជនកម្ពុជាដែលមានខ្លឹមសារបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សរួមសុខរួមទុក្ខជាមួយប្រជាជនគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលកំពុងរកសន្តិភាពជូនជាតិ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សស្រឡាញ់ប្រទេសជាតិ យកចិត្តទុកដាក់បញ្ហាសុខភាពរបស់ប្រជាជនជាក់ស្ដែងកន្លងទៅថ្មីៗនេះ ក្នុងស្ថានភាពដែលកម្ពុជាកំពុងតែទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងរយៈកាលជាងពីរឆ្នាំកន្លងមកនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបានខិតខំពុះពារគ្រប់ឧបសគ្គ រិះរកគ្រប់មធ្យោបាយដើម្បីជួយប្រជាពលរដ្ឋ នៃការរីករាលដាលនៃជំងឺកូវីដ១៩ និងបានដើរតួនាទីដ៏សំខាន់ក្នុងការរួមចំណែកទ្រទ្រង់ស្ថិរភាពសេដ្ឋកិច្ចមិនឲ្យធ្លាក់ចុះខ្លាំងដែលយើងអាចរក្សាបាននូវភាពជាម្ចាស់ទាំងស្រុង។
លោកបានគូសបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០០២មក រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ឃុំ សង្កាត់តាមបែបវិមជ្ឈការ ឲ្យចាប់តាំងពីពេលនោះមកកម្ពុជាបានរៀបចំការបោះឆ្នោត ជាសកលដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ យ៉ាងទៀងទាត់រាល់៥ឆ្នាំម្តង បានចំនួន៤លើក រួចមកហើយ ហើយបច្ចុប្បន្ននេះ កំពុងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ដើម្បីដឹកនាំគ្រប់គ្រងឃុំសង្កាត់ បានមកដោយការបោះឆ្នោតជាទូទៅជាសកលដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើរភាពដោយចំពោះ ដោយសម្ងាត់ សមទៅតាមនីតិវិធីដូចមានចែងក្នុងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ ហើយជាហេតុផលដែលយើងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់រៀងរាល់៥ឆ្នាំម្ដង៕