សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក សមាជិការបក្សសរុបប្រមាណជាង ៤ពាន់នាក់ នៅស្រុកស្វាយអន្ទរ
(ព្រៃវែង)៖នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២សមាជិក–សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ដែលមកពីស្រុកស្វាយអន្ទរ ក្នុងខេត្តព្រៃវែង និងប្រធាន អនុប្រធាន សមាជិកសមាជិការក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្ត ក្រុង ឃុំសង្កាត់សរុបប្រមាណជាងបួនពាន់នាក់ បានជួបជុំគ្នានៅបរិវេណមង្គលវីឡា–ព្រៃវែងបុរី នៃទីរួមស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដើម្បីចូលរួមក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់អាណត្តិទី ៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនអង្គពិធីនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានចូលរួមគាំទ្រក្នុងសកម្មភាពបំរើជាតិ បំរើប្រជាជនរបស់គណបក្សប្រជាជន ពិសេសគាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យទទួលបានជោគជ័យនាពេលខាងមុខនេះ។
ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម សូមអំពាវពាវដល់សមាជិកសមាជិការ និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងចូលរួមធ្វើឱ្យការបោះឆ្នោតនេះ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យផងដែរ៕