ក្រសួងសុខាភិបាល ក្រើនរំលឹកពីវិធានការការពារការចម្លងជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មីអូរមីក្រុង ក្នុងអំឡុងថ្ងៃទិវាបុណ្យក្តីស្រលាញ់ ១៤ កុម្ភៈ
រាជធានីភ្នំពេញ៖ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្ដីណែនាំក្រើនរំលឹកដល់ប្រជាពលរដ្ឋ ស្ដីពីការពង្រឹងវិធានការការពារការចម្លងជំងឺកូវីដ–១៩ ជាពិសេស វីរុសបំប្លែងថ្មីអូមីក្រុង អំឡុងថ្ងៃទិវាបុណ្យក្តីស្រលាញ់ ១៤ កុម្ភៈ ។
ក្នុងសេចក្តីជូនដំណឹងនោះបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នាថ្ងៃទី១៤ ខែកុម្ភះ បងប្អូនប្រជាពលរដ្ឋមួយចំនួន ជាពិសេសយុវជន យុវនារី ទោះបីជាមិនមែនជាប្រពៃណីរបស់ខ្មែរ តែនឹងអាចមានការជួបជុំគ្នាដើរកំសាន្ត ឬបរិភោគអាហាររួមគ្នា ជាដើម នាថ្ងៃបុណ្យនៃក្តីស្រលាញ់ដែលជាទំនៀមទម្លាប់របស់បរទេស ដើម្បីចែករំលែកសេចក្ដីស្រលាញ់ ដល់គ្នាទៅវិញទៅមក ចំពោះក្រុមគ្រួសារ មាតាបិតា លោកតា លោកយាយ ញាតិមិត្ត មិត្តភក្តិ គូស្វាមី ភរិយា និងគូសង្សារ ដែលសកម្មភាពនេះ អាចបង្កជាហានិភ័យខ្ពស់ នាំឱ្យមានការចម្លងជំងឺកូវីដ–១៩ ចូលទៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ ជាពិសេសវីរុសកូវីដ–១៩ បំប្លែងថ្មីអូមីក្រុង ដែលជាប្រភេទវីរុសឆ្លងលឿនជាងប្រភេទមុនៗ។
ដូច្នេះក្រសួងសុខាភិបាល សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ ជាពិសេស យុវជន–យុវនារី សូមមេត្តា បន្តការប្រុងប្រយ័ត្នខ្ពស់នូវលទ្ធភាព នៃការឆ្លងវីរុសកូវីដ–១៩ ដែលកំពុងត ចរាចរនៅក្នុងសហគមន៍យើង និងអនុវត្តន៍វិធានការសុខាភិបាល ឱ្យបានម៉ត់ចត់តាមប្រសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារសម្លេងនាយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានក្រើនរំលឹកអំពីការការពារខ្លួនរបស់បុគ្គល ដោយសារមានការកើនឡើងនៃការចម្លងជំងឺកូវីដ–១៩ ជាពិសេសវីរុសបំប្លែងថ្មី អូមីក្រុង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាក្តីព្រួយបារម្ភរបស់រាជរដ្ឋាភិបាល និងបានអំពាវនាវឱ្យមាន ការកាត់បន្ថយការជួបជុំក្នុងទ្រង់ទ្រាយធំ ឬការជួបជុំដែលមិនចាំបាច់នានា ព្រមទាំងត្រូវបន្តអនុវត្តន៍វិធាន ការសុខាភិបាលឱ្យបានពេញលេញ និងម៉ត់ចត់នៅគ្រប់សកម្មភាពរបស់បងប្អូន ៕
ព័ត៌មានលំអិតសូមអាននូវសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលមានដូចខាងក្រោមៈ