ក្រុមចោរឆក់ នឹងអ្នកទទួលទិញ សរុបចំនួន៩នាក់ ត្រូងកម្លាំងនគរបាលនៅក្នុងប៉ោយប៉ែត ចាប់ក្របួចបានជាបន្តបន្ទាប់
(បន្ទាយមានជ័យ)៖ជនសង្ស័យប្រុសស្រីចំនួន៩នាក់ ដែលជាប់ពាក់ព័ន្ធករណីឆក់ និងទទួលផលចោរកម្ម ត្រូវកម្លាំងជំនាញផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ហូបាងថាញ់ (HO BANG THANH) ភេទស្រី អាយុ៣២ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅបុរីដួងច័ន្ទ ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងពាក្យបណ្តឹងរបស់ជនរងគ្រោះបានរៀបរាប់បញ្ជាក់ថាៈ កាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២៤និង៤០នាទី ឈានចូលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ រូបគាត់ (ហូបាងថាញ់) បានជួលម៉ូតូផាសអាប់ជិះចេញពីបុរីដួងច័ន្ទ ទៅខារ៉ាអូខេអេហ្វផា្លស ហើយដកទូរស័ព្ទម៉ាក IPhone12pro Max ពណ៌ទឹកសមុទ្រ កាន់ចុចនឹងដៃ ខណៈពេលកំពុងតែធ្វើដំណើរតាមផ្លូវ ក៏ស្រាប់តែមានចោរចំនួន០២នាក់ ភេទប្រុស ជិះម៉ូតូ០១គ្រឿង មកពីក្រោយហើយបានធ្វើសកម្មភាពឆក់ កន្ត្រាក់យកទូរស័ព្ទចេញពីដៃ បណ្តាលឲ្យធ្លាក់ពីលើផាសអាប់ រងរបួសបែកមុខ(ដេរជាច្រើនថ្នេរ) ។
បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាមកម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការនាំខ្លួនឈ្មោះ សឿន ពិសី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកទទួលទិញទូរស័ព្ទ ដែលជនល្មើសឆក់បាន ហើយបានដកហូតទូរស័ព្ទបាន២គ្រឿងរបស់ជនរងគ្រោះ ដើម្បីប្រគល់ជូនម្ចាស់វិញ ។
ក្រោយពីបានស្រាវជ្រាវកម្លាំងជំនាញឃាត់ខ្លួនបានជនសង្ស័យ ដែលជាក្រុមបក្សពួកចំនួន០៦នាក់ក្នុងនោះមានស្រីម្នាក់ជាប្រពន្ធជនដៃដល់ ថោង ហាំង (ហៅហាក់)ដែលមានឈ្មោះដូចខាងក្រោម៖
១/ ឈ្មោះ ថោង ហាំងហៅហាក់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ(ជនដៃដល់)
២/ ឈ្មោះ ហុង ចាន់ឌី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ (អ្នកបិតគូទ)ពេលឆក់បាន ។
៣/ ឈ្មោះ ស៊ុន លាភ ភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ បក្សពួក
៤/ ឈ្មោះ អូន សាវ័ន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ បក្សពួក
៥/ ឈ្មោះ សែត សុខជា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករ បក្សពួក
៦/ ឈ្មោះ យឿម ណារី ភេទស្រី អាយុ១៧ឆ្នាំ ប្រពន្ធជនដៃដល់ជាបក្សពួក និងសំគំនិត
៧/ ឈ្មោះ សឿន ពិសី ហៅសី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរទទួលបញ្ចាំ ទទួលទិញ និងជួសជុលទូរសព័្ទ ។
ក្រោយពីសាកសួរកម្លាំងជំនាញឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់បន្ថែមទៀត
១/ ឈ្មោះ ផឹង អូនរាជ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរគ្មាន អ្នកបើកម៉ូតូធ្វើសកម្មភាពឆក់ ។
២/ ឈ្មោះ សែត គឹមហេង ហៅប្រេម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មានអ្នកបើកម៉ូតូធ្វើសកម្មភាពឆក់។ក្នុងប្រតិបត្តិការណ៍នោះកម្លាំងសមត្ថកិច្ច ដកហូតបានម៉ូតូជិះធ្វើសកម្មភាពចំនួន៤គ្រឿង c125 ព័ណខ្មៅ២គ្រឿង អឹមស្លះ១គ្រឿង និងMSXមួយគ្រឿង កាំបិតចំនួន៥ដើម សាម៉ូរ៉ៃ៣ដើម និងកាំបិតខ្វែវ២ដើម ផងដែរ។បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ខាងលើ ឋិតនៅក្រោមការសាកសួររបស់កម្លាំងជំនាញ ដើម្បីកសាងសុំណុំចាត់ការតាមនីតិវិធី ៕