អតីតស្នងការរងនគរបាល ខេត្តកណ្តាលម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បញ្ជូនទៅឃុំនៅ ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ ប្រើអំពើហិង្សាទៅលើ អ្នកកាន់កាប់អចលនវត្ថុ ដោយសុចរិត
រាជធានីភ្នំពេញ៖អតីតស្នងការរង នគរបាលខេត្តកណ្តាលឈ្មោះ ស្រេង សុខា ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ហើយបញ្ជូនទៅឃុំនៅពន្ធនាគារ ខេត្តកណ្តាល នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ក្រោម ការចោទប្រកាន់ពីបទ«ប្រើអំពើហិង្សា ទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»ដែលបានប្រព្រឹត្ត នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ យោងតាម មាត្រា២៥៣ នៃច្បាប់ភូមិបាល ។
ការចាប់ខ្លួន លោក ស្រេង សុខា តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក រស់ ផុន ចាន់ និមល ចៅក្រមជំនុំជម្រះ នៃសាលាដំបូង ខេត្តកណ្តាល ដែលបានចេញ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។
ជនជាប់ចោទ ឈ្មោះ ស្រេង សុខា ត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់រយៈពេល ០១ឆ្នាំ៦ខែ ពីបទ«ប្រើអំពើហិង្សា ទៅលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុចរិតប្រព្រឹត្តនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាលកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ជាបទល្មើស ព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសស្របតាមបញ្ញត្តិ មាត្រា២៥៣ នៃច្បាប់ ភូមិបាល»។
សូមរម្លឹកថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានចេញសេចក្តីសម្រេចផ្អាកការងារ បណ្តោះអាសន្នលោក ស្រេង សុខា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។សេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃ បានបង្គាប់ឲ្យលោក ស្រេង សុខា ត្រូវមកបង្ហាញមុខនៅនាយកដ្ឋានបុគ្គលិករៀងរាល់ម៉ោងធ្វើការ ដើម្បីរង់ចាំ ការសម្រេចរបស់ថ្នាក់លើជាថ្មី ។
លោក ស្រេង សុខា កាលពីអំឡុងឆ្នាំ២០១៩ ធ្លាប់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បានបើក ការស៊ើបអង្កេតពាក់ព័ន្ធ នឹងករណីជូនថ្លៃបណ្ណាការ ភ្ជាប់ពាក្យរបស់លោក ដោយជូនថ្លៃទឹកដោះ ឱ្យទៅខាងកូនក្រមុំ យ៉ាងច្រើនដ៏សន្ធឹកសន្ធាប់ចំនួន ១០ម៉ឺនដុល្លារ ចិញ្ជៀនពេជ្រ និងឡានទំនើប ថែមទៀតផង ។ តែទោះជាយ៉ាងណា ក្រោយបើកការស៊ើបអង្កេត ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា គឺជាការបង្អួត សម្ញែង ទ្រព្យសម្បតិ្ត តែប៉ុណ្ណោះ តែតាមពិតគ្មានទ្រព្យទេ ៕