មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំកិច្ចប្រជុំសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែមិថុនា ឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅឣនុវត្តបន្ត
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែមិថុនា ឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅឣនុវត្តបន្ត ខែកក្កដា ឆ្នាំ២០២២ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលមានសមាសភាពចូលរួមមាន លោកមេបញ្ជាការរងកងពល នាយសេនាធិការ នាយសេនាធិការរង ការិយាល័យទាំង៩ កងអនុសេនាធំចំណុះកងពលទាំង៧ និងវរសេនាតូចទាំង៤ ផងដែរ។
នាឱកាសនោះដែរលោកមេបញ្ជាការកងពល បានធ្វើការកោតសរសើរដល់គ្រប់បណ្តាអង្គភាពខិតខំយកចិត្តទុកដាក់អនុវត្តតាម ផែនការដែលថ្នាក់លើប្រគល់ជូន នូវតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ និងបានចេញបំពេញបេសកកម្មប្រតិបត្តិការសហការជាមួយកងកម្លាំងចម្រុះ ទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងការឆ្លងរាលដាលជំងឺកូវីដ–១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានោះដែរលោកមេបញ្ជាការកងពល បានសង្កត់ធ្ងន់ថា គ្រប់កងឯកភាពត្រូវបន្តយកចិត្តទុកដាក់ការងារបង្កបង្កើនផល និងចញ្ចឹមសត្វ ធានាបំពេញបន្ថែមដល់ការហូបប្រចាំថ្ងៃរបស់កងទ័ព រួមទាំងជួយផ្គត់ផ្គង់ដល់កម្លាំងជួរមុខ និងចែករំលែកដល់គ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ក្នុងស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ ក្នុងនោះក៏ត្រូវត្រួតពិនិត្យ និងតៀមកម្លាំង មធ្យោបាយ សម្ភារ ឲ្យបានតាមផែនការ ធានាចេញបំពេញបេសកកម្មតាមបទបញ្ជា បានទាន់ពេលវេលា និងទទួលជោគជ័យ។ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានអញ្ជើញប្រគល់លិខិតសរសើរ និងរង្វាន់អម ដល់យោធិនដែលមានស្នាដៃល្អប្រចាំខែ មិថុនា ផងដែរ៕