សម្ភោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលនានា ក្នុងវត្តរតនៈសុខសាន (ហៅវត្តអូរខៃដន) ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ាណែត
(បន្ទាយមានជ័យ)៖សមិទ្ធផលនានាជាច្រើនក្នុងបរិវេណវត្តរត្តនៈសុខសាន្ត(ហៅវត្តអូរខៃដន) ស្ថិតនៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមមានកុដិ ដងទង់ ថ្នល់បេតុង របងវត្ត ព្រមទាំងផ្លូវក្រាលគ្រោះក្រហមប្រវែង៥០០ម៉ែត្រ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា កាលពីដើមឡើយនៅតំបន់ក្បែរវត្តអូរខៃដននេះគឺជាតំបន់សង្គ្រាមបង្ហូរឈាមរវាងខ្មែរនិងខ្មែរ ដោយសារមានការបែកបាក់ខ្វះភាពសាមគ្គី តែបច្ចុប្បន្ននេះដោយសារនយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ ធ្វើឲ្យតំបន់នេះក្លាយជាតំបន់អភិវឌ្ឍន៍លើគ្រប់វិស័យ មិនថាពុទ្ធចក្រឬអាណាចក្រ ដូចយើងមើលឃើញស្រាប់នៅសមិទ្ធផលនានាដែលកំពុងធ្វើពិធីបុណ្យឆ្លង ក៏ដូចជាសមិទ្ធផលដែលកំពុងសាងសង់។
មានប្រសាសន៍ថ្លែងក្នុងពិធីបុណ្យឆ្លងសមិទ្ធផលផ្សេងៗនាឱកាសនេះផងដែរ ឯកឧត្តម ហ៊ុន ម៉ាណែត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្ដេចទាំងពីរតែងតែនឹករលឹកខ្វាយខ្វល់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសសម្ដេចតែងតែព្រួយបារម្មណ៍ពីបញ្ហាសុខុមាលភាព នៃជំងឺឆ្លងកូវីដ១៩ ដែលរយៈកន្លងមកបានសម្លាប់មនុស្សជាតិខ្មែរយើងទូទាំងប្រទេសប្រមាណជាង ៣០០០នាក់ តែនៅបច្ចុប្បន្ននេះកម្ពុជាបានធូរស្រាលពីការឆ្លងរីករាលដាលនៃជំងឺនេះ ដោយសារប្រជាពលរដ្ឋយើងបានធ្វើការចាក់វ៉ាក់សាំងការពារ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍សំដែងនូវការកោតសរសើរ និងអរគុណអរព្រះគុណចំពោះព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោកលោកស្រី សប្បុរសជនទាំងអស់រួមសាមគ្គីគ្នា ផ្ដើមក៏សាងបានរួចរាល់នៅសមិទ្ធផលជាច្រើនក្នុងបរិវេណវត្តអូខៃដននេះ សម្រាប់ព្រះសង្ឃបានប្រើប្រាស់និងជាកន្លែងគោរពបូជា ជាទីសក្ការៈ ហើយក៏ជាចំណែកបុណ្យដ៏ធំមិនអាចកាត់ថ្លៃបាន។ ជាចុងក្រោយឯកឧត្តមបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ឱ្យបានគ្រប់ដូស ចាប់ពីអាយុ ៣ ឆ្នាំឡើងទៅ ព្រោះថាកូវីដ១៩ នៅមិនទាន់ផុតរលត់ទៅណាឆ្ងាយពីយើងនៅឡើយ។ ចុងបញ្ចប់នៃកម្មវិធីគណៈធិបតីបានធ្វើការបំពាក់គ្រឿង ឥស្សរៈយស មេដាយ ប័ណ្ណថ្លែងអំណរគុណ ប័ណ្ណសរសើរដល់ព្រះមន្ត្រីសង្ឃព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សប្បុរសជន អាជីវករ ដែលមានសទ្ធាជ្រះថ្លាជួយកសាងនូវសមិទ្ធផលនានា និងបានចែកជូនអំណោយដល់តាជីយាយជី ៥០នាក់ ម្នាក់ៗទទួលបានក្រណាត់ស ១ ដុំ និងថវិកាមួយចំនួនផងដែរ ៕