បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនា និងប្រើប្រាស់គ្រឿងញៀន
(បន្ទាយមានជ័យ)៖កម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ក្នុងករណីធ្វើឱ្យខូចខាត ដោយចេតនា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង២១និង៣០នាទីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា នៅវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ មានករណីធ្វើឱ្យខូចខាតដោយចេតនា បានកើតឡើងនៅចំណុចខាងលើ ដែលបង្កឡើងដោយជនសង្ស័យមានគ្នាចំនួន០៨នាក់ បានធ្វើសកម្មភាពជិះម៉ូតូ ដោយមានកាន់កាំបិតផ្គាក់ ជិះដេញតាមជនរងគ្រោះឈ្មោះ កែវ ពិសិដ្ឋ ភេទប្រុស អាយុ១៤ឆ្នាំ និងឈ្មោះ ឡាយ វីរៈ ភេទប្រុស អាយុ ១៤ឆ្នាំ ដល់ចំណុចក្បែរ ភោជនីយ៍ដ្ឋានផ្កាយព្រឹក ស្ថិតនៅចំណុចខាងលើ ដោយមានការភ័យខ្លាចជនរងគ្រោះក៏បានផ្ដួលម៉ូតូចោល ហើយរត់ចូលពួនក្នុងផ្ទះប្រជាពលរដ្ឋ ហើយក្រុមរបស់ជនសង្ស័យ ក៏បានធ្វើសកម្មភាពយកកាំបិតផ្គាក់ កាប់បំផ្លាញម៉ូតូ(ម៉ូតូម៉ាកហុងដាស្កុបពី ពណ៍ខៀវ ផលិតឆ្នាំ២០១៧ គ្មានស្លាកលេខ) របស់ជនរងគ្រោះបណ្តាលឲ្យខូចខាតយ៉ាងខ្លាំង។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបន្តថា ក្រោយពីទទួលបណ្ដឹងរបស់ជនរងគ្រោះរួច កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការ និងធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចន រាជ (ហៅ រក្សា) ភេទប្រុស អាយុ១៧ឆ្នាំ នាំខ្លួនមកកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ប្រាប់ឱ្យដឹងថា ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២២នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕