កិច្ចប្រជុំសម្របសម្រួល និងវគ្គបណ្តុះបណ្តាល ស្តីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព
(បន្ទាយមានជ័យ)៖ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសម្របសម្រួល និងវគ្គបណ្តុះបណ្តាល ស្តីពី ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព។កិច្ចប្រជុំនេះបានឡើងនាថ្ងៃទី២០–២១ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំសាលាក្រុងប៉ោយប៉ែតដោយមានការចូលរួមពីលោកស្រី រស់ សុផានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងមានការចូលរួមពីលោក –លោកស្រី ស្ថាប័នអង្គភាព សមត្ថកិច្ចពាក់ព័ន្ធ និងអង្គការដៃគូរផងដែរ។
មានមតិចូលរួមលោកស្រី រស់ សុផានី អភិបាលរងខេត្ត បានមានប្រសាសន៍ សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អង្គភាពនានាដែលពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងអង្គការជាតិ អន្តរជាតិ ដែលមានក្រសួងសង្គមកិច្ច រួមនិងអង្គការដទៃទៀត ដែលបានសហការរៀបចំកិច្ចប្រជុំសម្របសម្រួល និងវគ្គបណ្តុះបណ្តាលនេះឡើង។
លោកស្រី អភិបាលរងខេត្ត ក៏សង្ឃឹមថា កិច្ចប្រជុំសម្របសម្រួល និងវគ្គបណ្តុះបណ្តាលនេះ នឹងបានពិភាក្សាចែករំលែកនូវវិធីសាស្រ្ត និងបទពិសោធន៍ផ្សេងៗ ជាមួយការដោះស្រាយករណីរួមគ្នា ក្នុងការសហការគ្នា ក្នុងភាពជាដៃគូ ដើម្បីជួយជនចំណាកស្រុក និងគ្រួសាររបស់ពួកគេប្រកបដោយ ប្រសិទ្ធិភាព និងផ្លែផ្កាល្អ ។
ឯកឧត្តម ឈួរ សុបញ្ញា ក៏បានមានប្រសាសន៍ថា៖បច្ចុប្បន្ន ពលរដ្ឋបានធ្វើចំណាកស្រុក ដោយខុសច្បាប់មានជាបន្តបន្ទាប់ ដោយសារតែមានការអូសទាញពីសំណាកមេខ្យល់នាំទៅប្រទេសថៃ ដើម្បីរកការងារ ជាមួយគ្នាក៏បានភាគីថៃបញ្ជូនត្រលប់មកកម្ពុជាវិញជាបន្តបន្ទាប់។មួយវិញទៀតគ្រប់អ្នកពាក់ព័ន្ធ ត្រូវរួមសហការគ្នា ចុះអបរំ ផ្សព្វផ្សាយដល់ពលរដ្ឋឲ្យបានយល់ច្បាស់ពីហានីភ័យ នៃការឆ្លងដែនដោយខុសច្បាប់។ឯកឧត្តម ក៏បានអរគុណ ចំពោះគ្រប់ភាគីពាក់ព័ន្ធ អង្គការដៃគូរ ដែលកន្លងមកបានខិតខំ យ៉ាងសស្រាក់សស្រាំ ក្នុងការជួយសម្រួលដល់ពលករដែលត្រូវបានបញ្ជូនពីប្រទេសថៃមកកម្ពុជា ដោយមានការរៀបចំអាហារហូបចុក និងសម្ភារៈ ផ្សេងៗ។
ជាមួយគ្នានោះដែរឯកឧត្តម ឈួរ សុបញ្ញា ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ និងអង្គការដៃគូនានា បន្តចូលរួមសហការគ្នា ក៏ដូចជាការជួយផ្តល់សេវានានាចាំបាច់ ដល់ក្រុមគ្រួសារជនចំណាកស្រុក ជាពិសេសពលករចំណាកស្រុកទៅប្រទេសថៃ ដែលមិនមានសុវត្ថិភាព ដើម្បីចូលរួមការពារទប់ស្កាត់ ការលួចឆ្លងដែនដោយខុសច្បាប់ពីសំណាកពលរដ្ឋ ។
យោងតាមរបាយការ របស់មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ស្តីពីពលករវិលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ នៅឆមាស១ បានឲ្យដឹងថា ពលករ–ពលការិនី កម្ពុជាបញ្ជូនមកពីប្រទេសថៃចំនួន ៧៤,១៤៨នាក់ (បុរស ៣០,៤៥៩នាក់, ស្ត្រី ៣០,២៩៨នាក់,កុមារា ៩,០៧៧នាក់,កុមារី ៤,៣១៤នាក់)។ ក្នុងចំណោម ពលករ–ពលការិនី កម្ពុជាដែលបានបញ្ជូនមកពីប្រទេសថៃទាំង ៧៤,១៤៨នាក់ ក្នុងនោះរួមមាន៖ ច្រកអូរបីជាន់ មានចំនួន ៣៧,៣២៣នាក់ ,ច្រកម៉ាឡៃ៩,៥១២នាក់, ច្រកបឹងត្រកួន១,៩៧០នាក់, ច្រកប៉ោយប៉ែត២៥,៤៤៣នាក់៕