មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញសួរសុខទុក្ខ និងប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេស ជូនគ្រួសារសព លោកអនុសេនីយ៍ទោ ស៊ឹង ស៊ីផុន ដែលទទួលរមណៈភាព
(បន្ទាយមានជ័យ)៖លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការី នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេសចំនួន ៣៨,៥៨៤,៥០០រៀល(សាមសិបប្រាំបីលាន ប្រាំសែនប្រាំបីម៉ឺន ប្រាំរយរៀល) ជូនក្រុមគ្រួសារសពលោកអនុសេនីយ៍ទោ ស៊ឹង ស៊ីផុន ជំនួយការការិយាល័យផែនការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលទទួលរមណៈភាព កាលពីថ្ងៃអាទិត្យទី២៩ ខែឧសភា ឆ្នាំ២០២២កន្លងមកនេះ ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានចូលរួមសម្តែងនូវរមណៈទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារលោកអនុសេនីយ៍ទោ ស៊ឹង ស៊ីផុន ដែលបានលាចាកឆ្ងាយពីក្រុមគ្រួសារគ្មានថ្ងៃវិលត្រលប់ចោលប្រពន្ធនិងកូន បងប្អូនសាច់ញាតិទាំងក្តីអាឡោះអាល័យជាទីបំផុត។ ក្នុងនាមអាវុធហត្ថ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែគិតគូរសុខទុក្ខ ជីវភាពរបស់មន្ត្រីអាវុធហត្ថក្រោមឱវាទ និងបានបង្កើតជាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេស ដើម្បីជួយដល់មន្ត្រីអាវុធហត្ថដែលជួបបញ្ហា គ្រោះថ្នាក់ផ្សេងៗ ពិសេសមន្ត្រីអាវុធហត្ថ ដែលពលី–មរណៈ ដើម្បីកៀរគរថវិកាចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ ។
សូមបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទៅចូលរួមបុណ្យសព ដោយផ្ទាល់ ចំនួន ១៥,០០០,០០០រៀល(ដប់ប្រាំលានរៀល) ។ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានប្រគល់ថវិកាបន្ថែម ចំនួន២៣,៥៨៤,៥០០រៀល (ម្ភៃបីលាន ប្រាំសែន ប្រាំបីម៉ឺន បួនពាន់ប្រាំរយរៀល) សរុបថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេស ចំនួន ៣៨,៥៨៤,៥០០រៀល ៕