សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នាំយកកូនឈើប្រភេទធ្នង់ ចំនួន ១,០០០ ដើមទៅដាំនៅក្នុងវិទ្យាល័យដំរីពួន ស្រុកស្វាយអន្ទរ
ព្រៃវែង៖ឯកឧត្តម ឧកញ្ញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា នាថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារប្រតិបត្តិសាខា អនុសាខាស្រុក និងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា នាំយកកូនឈើធ្នង់ចំនួន ១,០០០ ដើម ដើម្បីដាំនៅក្នុងវិទ្យាល័យដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
នាឱកាសនោះឯកឧត្តម ឧកញ្ញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត បានមានប្រសាសន៍ថា ដើមឈើគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សសត្វនៅលើភពផែនដីយើងនេះ ព្រោះថាដើមឈើវាអាចជួយកាត់បន្ថយកម្ដៅ កាត់បន្ថយជាតិពុល ទាក់ទាញទឹកភ្លៀងបានទេទាត់ មិនឲ្យមានគ្រោះទឹកជំនន់ និងជាទីជម្រកដ៏ពិសិដ្ឋសម្រាប់សត្វព្រៃ។
ឯកឧត្ដម ឧកញ៉ា បន្តថា ដើមឈើវាផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន ដោយដើមឈើស្រូបយកកាបូនឌីអុកស៊ីតនៅពេលវាលូតលាស់ ហើយកាបូនដែលពួកគេរក្សាទុកនៅក្នុងឈើរបស់វាជួយបន្ថយល្បឿននៃការឡើងកំដៅផែនដី។ វាកាត់បន្ថយល្បឿនខ្យល់និងធ្វើឲ្យត្រជាក់ខ្យល់នៅពេលដែលវាបាត់បង់ជាតិសំណើម។
ឯកឧត្ដម ឧកញ៉ា ក៏បានអំពាវនាវ ដល់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ទាំងអស់ត្រូវបន្តចូលរួម ដាំដើមឈើនៅតាមទីវត្តអារាម និងនៅតាមផ្ទះ សាលារៀន ទីសាធារណៈ ឱ្យបានគ្រប់គ្នា ដោយយ៉ាងហោចណាស់ក្នុងមួយនាក់ត្រូវដាំដើមឈើឲ្យបានមួយដើម គឺដើម្បីចូលរួមចំណែក ក្នុងការបង្កើន នៅបរិស្ថានល្អ នៅតាមទីវត្តអារាម និងនៅតាមផ្ទះ នៅតាមសាលារៀន និងនៅតាមទីសាធារណៈ ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកកាត់បន្ថយការកើនឡើងនូវកំដៅនៅលើផែនដីយើងនេះផងដែរ៕