សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យបញ្ឍប់ការផ្ដាច់មុខផ្ដល់សេវាទូរស័ព្ទ និងអ៊ីនធើណែត នៅក្នុងបុរី
(ភ្នំពេញ)៖ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុបចំនួន ៦២៣នាក់ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យបញ្ឍប់ការកុងត្រាផ្ដាច់មុខរវាងក្រុមហ៊ុនសេវាទូរស័ព្ទ និងសេវាអ៊ីនធើណែត ជាមួយ ក្រុមហ៊ុនបុរី ដែលបានបង្កផលលំបាកយ៉ាងខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី ដោយសារបញ្ហាមិនមានសេវាទូរស័ព្ទ និងអ៊ីនធើណែត ក្នុងបុរី សម្ដេចតេជោ បានបញ្ជាក់ថា ការងារនេះ ត្រូវធ្វើឡើងតាមរយៈការប្រកួតប្រជែងរវាងក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៊ីនធើណែត ដើម្បីសម្រួលដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី ។
ទាក់ទងទៅនឹងបញ្ហាកម្មករដែលមានការតវ៉ាកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនមែនបោះបង់ចោលរឿងការទាមទាររបស់កម្មករ ឬសហជីព ដែលទាមទារនូវភាពត្រឹមត្រូវនោះទេ។ក្នុងនោះសម្តេចតេជោ ក៏បានណែនាំឱ្យក្រសួងការងារខិតខំប្រឹងប្រែងដោះស្រាយលើវិវាទការងារជាមួយកម្មករតាមបណ្តារោងចក្រនានា និងណែនាំឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយវិវាទរវាងកម្មករ និងរោងចក្រមួយ ដោយយកថវិកាជាតិ ទូទាត់ប្រាក់បំណាច់ការងារនោះឲ្យបានឆាប់។
ដោយឡែកសម្រាប់ការដាំដើមឈើឡើងវិញនៅភ្នំតាម៉ៅសម្តេចតេជោ បានថ្លែងបញ្ជាក់ថា មិនមែនដាំគ្រាន់តែបង្ហោះហ្វេសប៊ុកទេ គឺត្រូវដាំឱ្យវាដុះ និងមានក្បួនខ្នាត។ទាំងសួនសត្វ និងព្រៃនៅតំបន់ភ្នំតាម៉ៅទាំងមូល ត្រូវកំណត់ជាតំបន់អភិរក្ស ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម។
ជាមួយគ្នានោះសម្តេចតេជោបានណែនាំរដ្ឋមន្ត្រីកសិកម្មឱ្យរកប្រភពទឹកដើម្បីស្រោចស្រង់កូនឈើដាំឡើងវិញនៅរដូវប្រាំងផងដែរ៕