មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញត្រួតពិនិត្យ និងប្រគល់ភារកិច្ចដល់កងកម្លាំងអន្តរាគមន៍សម្រាប់ជួយសង្គ្រោះ គ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃអង្គារ ៤ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ អញ្ជើញត្រួតពិនិត្យ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយមហន្តរាយផ្សេងៗ ពិសេសគ្រោះទឹកជំនន់ដែលអាចកើតមានឡើងក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានអញ្ជើញផ្សព្វផ្សាយអំពីស្ថានភាពធាតុអាកាសដែលបានកើតមានឡើងក្នុងរយៈពេលដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ នឹងយោធិនគ្រប់រូប នៃកងកម្លាំងអន្តរាគមន៍ទាំងអស់ របស់កងពលតូចថ្មើរជើងលេខ៥១ ដែលបានប្រុងប្រៀបកងកម្លាំង មធ្យោបាយ និងសម្ភារ តាមផែនការ ដើម្បីរង់ចាំអនុវត្តតាមបទបញ្ជាដែលថ្នាក់លើបានប្រគល់ជូន។
លោកឧត្តមសេនីយ៍ត្រី បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដល់កងកម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវត្រៀមខ្លួន ត្រៀមមធ្យោបាយ និងសម្ភារ តាមផែនការ ដើម្បីធានាការអនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់លើក្នុងការបម្រើប្រជាជនឲ្យទាន់ពេលវេលា។
ក្នុងឱកាសនោះ លោកមេបញ្ជាការកងពល បានអប់រំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់កងកម្លាំងទាំងអស់បន្តប្រុងប្រយ័ត្នការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ–១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការ ៣ការពារ និង ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងវិធានការរបស់ ក្រសួងសុខាភិបាល៕