សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ស្តីពីប្រវត្តិចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហម តួនាទីភារកិច្ចរបស់យុវជន និងវិជ្ជាសង្រ្គោះបឋម
(ប៉ៃលិន)៖លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិកាសាខា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ស្តីពី ប្រវត្តិចលនាកាកបាទក្រហម–អឌ្ឍចន្ទក្រហម តួនាទីភារកិច្ចរបស់យុវជន និងវិជ្ជាសង្រ្គោះបឋម រយៈពេល ១ថ្ងៃពេញ ជូនដល់យុវជនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ចំនួន ២៥នាក់(ស្រី ១៣នាក់) នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន។
នាឱកាសនោះលោកជំទាវ ពៅ សុខ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដល់ក្មួយៗយុវជនទាំងអស់ ដែលបានចូលរួមជាមួយចលនាមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សំដៅជួយរំលែកទុក្ខលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗ ។
លោកជំទាវបានគូសបញ្ជាក់ពីគោលបំណង នៃការបើកវគ្គនេះគឺ ដើម្បីពង្រឹង និង ពង្រីកកម្លាំងមនុស្សធម៌ ក្នុងនោះឱ្យយុវជនកាកបាទក្រហមយើងបានយល់ដឹងស៊ីជម្រៅពីចលនាកាកបាទក្រហម តួនាទីភារកិច្ចរបស់ខ្លួន និងវិជ្ជាសង្គ្រោះបឋម ដែលជាមុខវិជ្ជាមួយអាចជួយសង្គ្រោះ ឫកាត់បន្ថយការឈឺចាប់របស់ជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗបាន មុនឡានពេទ្យ ឫក្រុមគ្រូពេទ្យមកដល់ ជាពិសេសការសង្គ្រោះក្នុងបរិបទជំងឺកូវីដ១៩ ។
វគ្គបណ្តុះបណ្តាលបានបញ្ចប់នៅវេលាម៉ោង៤:៥៥ នាទីរសៀល ក្រោមអធិបតីភាព ឯកឧត្តម ឌឹន គឹម នាយកប្រតិបត្តិសាខាមានប្រសាសន៍សូមសម្តែងនូវការកោតសរសើរវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់វគ្គនាថ្ងៃនេះ ។ ឯកឧត្តម នាយកសាខា បានមានមតិផ្តាំផ្ញើដល់ ក្មួយៗយុវជនទាំងអស់ត្រូវខិតខំរៀនសូត្រនៅសាលាដើម្បីជាទំពាងស្នងឬស្សី បណ្តុះគំនិតអោយចេះស្រលាញ់ការងារសង្គមដើម្បីខ្លាយខ្លួនជាយុវជនគំរូ ត្រូវជៀសវាងអោយឆ្ងាយនូវទង្វើមិនគម្បីនានាដែលសង្គមស្ពប់ខ្ពើម និងអោយយកចំណេះវិជ្ជាដែលបានសិក្សាយកទៅចែករំលែងបន្តដល់សិស្សានុសិស្ស ។
ក្នុងឱកាសនេះ ឯកឧត្តម បានប្រគល់ វិញ្ញាបនបត្របញ្ចាក់សិក្សា ជូនក្មួយៗយុវជន ចំនួន ២៥ វិញ្ញាបនបត្រ ដែលសិក្សានៅថ្ងៃនេះ និងចំនួន ២៥ វិញ្ញាបនបត្រ សម្រាប់យុវជនដែលទទួលបានវគ្គបណ្តុះបណ្តាលកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២ សរុបរួមចំនួន ៥០ វិញ្ញាបនបត្រ។ កម្មវិធីនេះបញ្ចប់ដោយស្មារតីសាមគ្គីភាពល្អប្រសើរ និងទទួលបានជោគជ័យ៕