មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញចុះពិនិត្យ លំហាត់យុទ្ធដំណើរទ័ព វគ្គហ្វឹកហ្វឺនទូទៅនៅនឹងកន្លែង ចំណុះកងពលតូចថ្មើរជើងលេខ៥១
(បន្ទាយមានជ័យ): លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃអង្គារ ៣ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ អញ្ជើញចុះពិនិត្យ លំហាត់យុទ្ធដំណើរទ័ព បញ្ជប់វគ្គហ្វឹកហ្វឺនទូទៅ នៅនឹងកន្លែងចំណុះកងពល និងវរសេនាតូចថ្មើរជើងលេខ៥១៤។ កងពលតូចថ្មើរជើងលេខ៥១ វគ្គហ្វឹកហ្វឺននេះបានចាប់ផ្តើមបើកវគ្គកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ មានរយៈពេល៤៥ថ្ងៃ ដែលមានសិក្ខាកាមសរុប ចំនួន ២០០នាក់។
សូមបញ្ជាក់ផងដែរថា លំហាត់យុទ្ធដំណើរទ័ពនេះ មានចំងាយ ៣៥គីឡូម៉ែត្រ ក្នុងនោះធ្វើដំណើរចល័តដោយរថយន្តចំងាយ ២០គីឡូម៉ែត្រ និងចល័តដោយថ្មើរជើង ចំងាយ ១៥គីឡូម៉ែត្រ ដោយឆ្លងកាត់ឧបសគ្គធម្មជាតិ មួយចំនួន និងធ្វើលំហាត់ចល័តវាយលុក ក្នុងភូមិសាស្រ្ត ទីលានបាញ់គ្រាប់ពិត កងពលតូចថ្មើរជើងលេខ៥១ ភ្នំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានមានប្រសាសន៍បញ្ជាក់ថា ស្ថិតនៅក្នុងកាលៈទេសៈប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាសមាស សំរាប់កងទ័ពធ្វើការហ្វឹកហ្វឺន ពង្រឹងសមត្ថភាពជំនាញយុទ្ធវិធី កងទ័ពឲ្យបានស្ទាត់ជំនាញ ធានាបានទាំងបរិមាណ គុណភាព ឆន្ទះ មនសិការ ស្នេហាជាតិ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់កងទ័ព ដែលជាខឿនការពារជាតិ ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។
ក្នុងឱកាសនោះដែរ លោកមេបញ្ជការរង នាយសេនាធិការ បានគូសបញ្ជាក់ថា ក្រុមការងារហ្វឹកហ្វឺនត្រូវត្រួតពិនិត្យវាយតម្លៃឲ្យបានច្បាស់លាស់ ចំពោះសិក្ខាកាម ដែលទទួលបាននិទ្ទេសល្អ ត្រូវផ្តល់នូវ ប័ណ្ណសរសើរ លិខិតសរសើរ ប្រកបដោយ តម្លាភាព ដើម្បីកសាងពង្រឹងគុណភាពនាយទាហានបន្តវេន។
ក្រៅពីហ្វឹកហ្វឺនពង្រឹងសមត្ថភាព ត្រូវត្រៀមអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង ទាំងកម្លាំង សម្ភារ មធ្យោបាយ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះ ដោយគ្រោះមហន្តាយធម្មជាតិផ្សេងៗ ឲ្យបានទាន់ពេលវេលាផងដែរ។
ជាពិសេសត្រូវបន្តយកចិត្តទុកដាក់ បន្តអនុវត្តវិធានការ ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ តាមវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង ៣កុំ ឲ្យបានជាប្រចាំ៕